បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា ហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ គឺស្ថិតនៅក្នុងកម្រិតខ្ពស់បំផុតចាប់តាំងពីកម្រិតកំពូល នៃសង្គ្រាមត្រជាក់នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៦០។ លោកបានអះអាងបន្ថែមថា រុស្ស៊ីអាចស្វែងរកការដាក់ពង្រាយឃ្លាំងអាវុធដ៏ធំ មួយចំនួនរបស់ខ្លួននៅអ៊ុយក្រែនផងដែរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅឯកម្មវិធីរៃអង្គាសថវិកាសម្រាប់បេក្ខជនគណបក្សប្រជាធិបតេយ្យ នៅទីក្រុងញូវយ៉កកាលពីថ្ងៃព្រហស្បតិ៍ លោក Biden បានព្រមានអំពីការបំផ្លិចបំផ្លាញនុយក្លេអ៊ែរដែលមានសក្តានុពល ដោយបញ្ជាក់ថា ការកើនឡើងអរិភាពរវាងរុស្ស៊ី អ៊ុយក្រែន និងលោកខាងលិចអាចកើនឡើងដល់ “មហាសង្គ្រាម” ទាំងស្រុង។
លោកប្រធានាធិបតី Biden បាននិយាយទៀតថា “ជាលើកដំបូងចាប់តាំងពីវិបត្តិមីស៊ីលរបស់គុយបា ពួកយើងមានការគម្រាមកំហែងដោយផ្ទាល់អំពី ការប្រើប្រាស់អាវុធនុយក្លេអែរ ប្រសិនបើការពិត អ្វីៗនៅតែបន្តដើរលើផ្លូវ ដែលពួកគេនឹងទៅនោះ” ហើយប្រធានាធិបតីបាននិយាយថា ជាក់ស្តែងសំដៅទៅលើសង្រ្គាមដែលនៅតែបន្តកើតមាននៅអឺរ៉ុបខាងកើត។
លោក Biden បន្ថែមថា «យើងមិនបានប្រឈមមុខនឹងការរំពឹងទុកនៃមហាសង្គ្រាមនោះទេ ចាប់តាំងពីជំនាន់ [ប្រធានាធិបតីអាមេរិក John F.] Kennedy»មក៕
ប្រែសម្រួលៈ ណៃ តុលា