អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន អំពីករណីដែលភាគីចិន បរាជ័យ សេចក្តីព្រាងនៃសេចក្តីសម្រេចចិត្ត ស្តីពីតំបន់ស៊ីនជាំង ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអ.ស.ប.។
អ្នកនាំពាក្យបានលើកឡើងថា មួយរយៈកាលកន្លងមក អាមេរិកនិងប្រទេសលោកខាងលិច មួយចំនួន បានបង្កើតពាក្យចចាមអារ៉ាម ម្ដងហើយម្ដងទៀត ក្រោមលេសបញ្ហាស៊ីនជាំង ប៉ុនប៉ងប្រើអង្គការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ មកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ចិន។ ភ្នែករបស់សហគមន៍អន្តរជាតិ គឺភ្លឺច្បាស់ណាស់។ ទោះបីជាអាមេរិកនិងប្រទេសលោកខាងលិច មួយចំនួន បានដាក់សម្ពាធទៅលើ រដ្ឋសមាជិកផ្សេងទៀត យ៉ាងពេញទំហឹងក្តី ប៉ុន្តែសេចក្តីព្រាង នៃសេចក្តីសម្រេចចិត្តនេះ នៅតែរងការប្រឆាំងយ៉ាងខ្លាំង ពីសំណាក់សមាជិកភាគច្រើន នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ជាពិសេសសមាជិកប្រទេស កំពុងអភិវឌ្ឍន៍ដ៏ច្រើនកុះករ។
អ្នកនាំពាក្យ បានបន្តថា បញ្ហាស៊ីនជាំងជាប់ពាក់ព័ន្ធនឹង ការប្រឆាំងភេវកម្មដោយអំពើហិង្សា ការលុបបំបាត់ភាពជ្រុលនិយម និងការប្រឆាំងនឹងអបគមន៍។ សហគមន៍អន្តរជាតិស្អប់ខ្ពើមយ៉ាងខ្លាំង ចំពោះកលលិ្បចដ៏អាក្រក់ របស់ប្រទេសលោកខាងលិច ដូចអាមេរិកជាដើម ដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃ ក្រោមលេសសិទ្ធិមនុស្ស។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចំនួនជិត ១០០ ក្នុងនោះបូករួមទាំងប្រទេសអ៊ីស្លាមផង បានថ្លែងមតិដោយចំហ ដើម្បីគាំទ្រជំហរដ៏ត្រឹមត្រូវ របស់ចិន ក្នុងបញ្ហាស៊ីនជាំង ប្រឆាំងនឹងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ចិន ក្រោមលេសបញ្ហាស៊ីនជាំង។ ការពិតបានបង្ហាញម្តងហើយម្តងទៀតថា ទង្វើដែលធ្វើឱ្យបញ្ហាសិទ្ធិមនុស្ស ទៅជាបញ្ហានយោបាយ ព្រមទាំងប្រើស្តង់ដាពីរគឺមិនត្រូវបានគេគាំទ្រនោះទេ។
អ្នកនាំពាក្យបានថ្លែងទៀតថា អ្វីដែលក្រុមប្រឹក្សាសិទ្ធិមនុស្ស ត្រូវយកចិត្តទុកដាក់ និងពិភាក្សាបំផុតនោះគឺបញ្ហារំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ នៅអាមេរិក អង់គ្លេសនិងប្រទេសលោកខាងលិច ផ្សេងទៀត ដែលក្នុងនោះបូករួម ទាំងពូជសាសន៍និយម ការប្រើវិធានការបង្ខិតបង្ខំ ដោយឯកតោភាគីតែផ្តេសតែផ្តាស ការបណ្តាលឱ្យប្រជាជន ឥតទោសពៃរ៍ ដ៏ច្រើនសន្ធឹកស្លាប់និងរងរបួស ដោយសារប្រតិបត្តិការយោធា នៅឯក្រៅប្រទេសជាដើម ដើម្បីស្វែងរកយុត្តិធម៌ឱ្យជនរងគ្រោះ និងបកសា្រយឱ្យច្បាស់លាស់ ចំពោះសហគមន៍អន្តរជាតិ៕
វិទ្យុមិត្តភាពកម្ពុជាចិន