ព័ត៌មានអន្តរជាតិ

តួកគី បញ្ជាក់ពីការត្រៀមខ្លួន ដើម្បីជួយដោះស្រាយវិបត្តិអ៊ុយក្រែន ដោយសន្តិវិធី

អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានប្រាប់សមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន នៅក្នុងការហៅទូរស័ព្ទ កាលពីថ្ងៃសុក្រថា តួកគី បានត្រៀមខ្លួនរួចជាស្រេច ក្នុងការរួមចំណែកដល់ការ ដោះស្រាយវិបត្តិអ៊ុយក្រែនដោយសន្តិវិធី ដើម្បីផលប្រយោជន៍ទាំងអស់គ្នា ។

នៅក្នុងការសន្ទនាតាមទូរស័ព្ទ លោក Erdogan និងលោក ពូទីន បានផ្លាស់ប្តូរទស្សនៈ ស្តីពីការពង្រឹងទំនាក់ទំនងតួកគី-រុស្ស៊ី ក៏ដូចជាការវិវត្តចុងក្រោយនៃ ជម្លោះរុស្ស៊ី-អ៊ុយក្រែន នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយប្រធានាធិបតីតួកគី។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា លោក Erdogan បានរំលឹកឡើងវិញថា ទីក្រុងអង់ការ៉ាបាន ត្រៀមខ្លួនរួចជាស្រេចដើម្បី “ធ្វើចំណែករបស់ខ្លួនសម្រាប់ដំណោះស្រាយ ដោយសន្តិវិធីនៃបញ្ហាអ៊ុយក្រែន ជាផលប្រយោជន៍ទាំងអស់គ្នា” ។

ប្រទេសតួកគី ដែលមានទំនាក់ទំនងល្អ ជាមួយអ៊ុយក្រែន និងរុស្ស៊ី បានដើរតួជាអ្នកសម្រុះសម្រួល រវាងប្រទេសទាំងពីរចាប់តាំងពី ជម្លោះរបស់ពួកគេបានផ្ទុះឡើង នៅចុងខែកុម្ភៈ។

គួរបញ្ជាក់ថា នៅថ្ងៃទី២២ ខែកក្កដាអ៊ុយក្រែន និងរុស្ស៊ី បានចុះហត្ថលេខាដោយ ឡែកពីគ្នាជាមួយតួកគី និងអង្គការសហប្រជាជាតិ នៅទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីបន្តការដឹកជញ្ជូនអាហារ និងជីពីកំពង់ផែអ៊ុយក្រែន ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈសមុទ្រខ្មៅ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top