ព័ត៌មានអន្តរជាតិ

ប្រទេសចិន ខិតខំស្វែងរកមាគ៌ាពិសេស ឆ្លើយតបនឹងបញ្ហាសង្គម វ័យចំណាស់

ប៉ុន្មានថ្ងៃកន្លងទៅនេះ ក្នុងឱកាសថ្ងៃឈប់សម្រាក អបអរសាទរបុណ្យជាតិចិន ឆ្នាំ២០២២ មនុស្សចាស់នៅសហគមន៍ Mudan ទីក្រុង Shenyang ខេត្ត Liaoning របស់ប្រទេសចិនបានរៀបចំ កម្មវិធីសំដែងសិល្បៈច្រៀង និងរាំរបាំជាដើម ដើម្បីបង្ហាញទឹកចិត្តសប្បាយរីករាយ និងសុភមង្គលរបស់ខ្លួន និងការជូនពរយ៉ាងស្មោះ ចំពោះមាតុប្រទេស។

គួរបញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំកន្លងមក សហគមន៍ចាស់មួយនេះ បានកសាងថ្មីនូវអាហារដ្ឋាន សម្រាប់មនុស្សចាស់ កម្មវិធីផ្តល់សេវាកម្មថែទាំ មនុស្សចាស់វៃឆ្លាតជាដើម ដែលមនុស្សវ័យចំណាស់ អាចទទួលបានសេវាថែទាំ នៅមាត់ផ្ទះបានដោយ មិនបាច់ចេញទៅក្រៅសហគមន៍។

កាលពីខែសីហាឆ្នាំ២០២២កន្លងមក លោក Xi Jinping ប្រធានរដ្ឋចិនបានទៅត្រួតពិនិត្យ ការងារនៅសហគមន៍ Mudan នេះ ដោយបានគូសបញ្ជាក់ថា ប្រទេសចិនបានចូលក្នុងសម័យ សង្គមវ័យចាស់ហើយ មនុស្សចាស់មានអាយុកាន់តែវែង ។ យើងត្រូវបន្តខិតខំកសាង ហេដ្ឋារចនាសម្ព័ន្ធថែរក្សាមនុស្សចាស់ ដើម្បីបង្កើនគុណភាពសេវាថែទាំ មនុស្សចាស់ឱ្យកាន់តែល្អប្រសើរទៀត ។

បច្ចុប្បន្ននេះ នៅប្រទេសចិនចំនួន មនុស្សអាយុលើសពី៦០ឆ្នាំ មានចំនួន២៦៧លាននាក់ ។ ដើម្បីផ្តល់ជីវភាពប្រកបដោយ សុភមង្គលដល់មនុស្សចាស់ រដ្ឋាភិបាលចិនបានអនុវត្ត យុទ្ធសាស្ត្រជាតិពាក់ព័ន្ធ បន្តកែសម្រួលឯកសារ សំខាន់មួយចំនួនពាក់ព័ន្ធ ដូចជា«ច្បាប់ធានាផលប្រយោជន៍មនុស្សចាស់» ជាដើម។

ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២២ រយៈពេល ១០ ឆ្នាំកន្លងមកនេះ ប្រទេសចិនបានបន្តជំរុញកែលម្អប្រព័ន្ធ សន្តិសុខសង្គមសម្រាប់ចាស់ ប្រព័ន្ធសេវាថែទាំមនុស្សចាស់ និងប្រព័ន្ធគាំទ្រសុខភាពសម្រាប់ មនុស្សវ័យចំណាស់ជាដើម ថវិការដ្ឋាភិបាលមជ្ឈិមសរុប បានបណ្តាក់ទុនចំនួន ៣៥ពាន់ ៩ រយលានយាន់ប្រាក់ចិនក្នុងការ កសាងស្ថាបនាសេវាកម្មសោធននិវត្តន៍ សេវាថែទាំមនុស្សចាស់ក្នុងសហគមន៍ បានគ្រប់ដណ្តប់សហគមន៍ ក្នុងទីក្រុងជាទូទៅនិងតាមសហគមន៍ ជាងពាក់កណ្តាលនៅទីជនបទ។

ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ នៅប្រទេសចិនមានមនុស្សចំនួន ១០៤០លាននាក់ បានចូលរួមសេវាថែទាំវ័យជរា មនុស្សចំនួន ១៣៦០លាននាក់ បានទទួលការធានារ៉ាបរងសុខភាពទូទៅ។ សម្រាប់សហគមន៍ចាស់ នៅក្រុង-ឃុំនិងគ្រួសារមានមនុស្សចាស់ ដែលជួបនឹងបញ្ហាលំបាកខ្លាំង រដ្ឋាភិបាលជួយធ្វើការកែលម្អ ដើម្បីសមស្របនឹងការស្នាក់នៅ និងធ្វើដំណើររបស់មនុស្សចាស់ កន្លែងផ្តល់សេវាវប្បធម៌ សាធារណៈគ្រប់ជាន់ថ្នាក់បើក ដោយឥតគិតថ្លៃចំពោះមនុស្សចាស់ កន្លែងផ្តល់សេវាអប់រំទូទៅសម្រាប់ មនុស្សចាស់ដូចជាសកលវិទ្យាល័យ សម្រាប់មនុស្សចាស់មានចំនួនលើសពី ៤ម៉ឺនកន្លែង ។

ប្រទេសចិនកំពុងខិតខំស្វែងរក និងដើរតាមមាគ៌ាប្រកប ដោយលក្ខណៈពិសេសរបស់ខ្លួន ដើម្បីទប់ទល់នឹងបញ្ហាសង្គមវ័យចាស់ ដែលសង្គមទាំងមូល គោរពស្រលាញ់មនុស្សចាស់ ថែទាំមនុស្សចាស់ ដើម្បីឱ្យមនុស្សចាស់រាប់រយលាននាក់ របស់ចិនទទួលផលប្រយោជន៍ ពីលទ្ធផលនៃកំណែទម្រង់សេដ្ឋកិច្ច និងសង្គមកិច្ចរស់នៅដោយសប្បាយរីករាយ និងមានសុភមង្គលក្នុងវ័យចំណាស់របស់ខ្លួន៕ អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន

To Top