ព័ត៌មានអន្តរជាតិ

កូរ៉េ​ខាង​ជើង អះអាងថា ការ​បាញ់​សាកល្បង​មីស៊ីល គឺ​សម្រាប់​ការពារ​ខ្លួន មិន​បង្ក​ការ​គំរាម​កំហែង​ឡើយ

ប៉េកាំង៖ កូរ៉េខាងជើងបានឲ្យដឹង នៅថ្ងៃសៅរ៍នេះថា ការធ្វើតេស្តមីស៊ីលរបស់ខ្លួន គឺសម្រាប់ការពារខ្លួន ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង ផ្នែកយោធារបស់សហរដ្ឋអាមេរិក និងមិនបង្កគ្រោះថ្នាក់ដល់ ចរាចរណ៍ផ្លូវអាកាស ឬប្រទេសជិតខាងនោះទេ។

សេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យរដ្ឋបាលអាកាសចរណ៍ជាតិ របស់ប្រទេសនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានធ្វើការបាញ់បង្ហោះមីស៊ីលផ្លោងជុំទី៦ ចាប់តាំងពីចុងខែកញ្ញា រួមទាំងមីស៊ីល ដែលបានហោះពីលើប្រទេសជប៉ុន ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ ។

ការសាកល្បងមីស៊ីលនេះគឺជា “ជំហានការពារខ្លួនជាប្រចាំ និងគ្រោងទុក សម្រាប់ការពារសន្តិសុខរបស់ប្រទេស និងសន្តិភាពក្នុងតំបន់ ពីការគម្រាមកំហែងដោយយោធា ផ្ទាល់របស់សហរដ្ឋអាមេរិក ដែលបានអូសបន្លាយ ជាងកន្លះសតវត្សមកហើយ” ។

លោកបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍ថា ការធ្វើតេស្តនេះ មិនត្រឹមតែមិន “បង្កការគំរាមកំហែង និងគ្រោះថ្នាក់ដល់សុវត្ថិភាព នៃអាកាសចរណ៍ស៊ីវិលប៉ុណ្ណោះទេ ថែមទាំងប្រទេសជិតខាង និងតំបន់ផងដែរ” នេះបើយោងតាម ​​KCNA ។

សេចក្តីថ្លែងការណ៍នេះ ត្រូវបានចេញផ្សាយបន្ទាប់ពី អង្គការអាកាសចរណ៍ ស៊ីវិលអន្តរជាតិនាពេលថ្មីៗនេះបានថ្កោលទោស ការបន្តបាញ់មីស៊ីលផ្លោង របស់កូរ៉េខាងជើងពីលើ ឬជិតផ្លូវអាកាសអន្តរជាតិ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top