ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន ចេញក្រឹត្យទទួលស្គាល់ កោះរបស់រុស្ស៊ី ថាជារបស់ជប៉ុន

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃសុក្រ ដោយទទួលស្គាល់កោះ Kuril ស្ថិតនៅភាគខាងត្បូង ជាទឹកដីរបស់ជប៉ុន។ ការប្រកាសជានិមិត្តរូបនេះ បានកើតឡើងពីរថ្ងៃ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់ ទទួលយកអតីតតំបន់ចំនួនបួន នៃអ៊ុយក្រែន ចូលទៅក្នុងសហព័ន្ធរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រឹត្យរបស់លោក Zelensky ទទួលស្គាល់កោះ Iturup, Kunashir, Shikotan និង Habomai ជារបស់ជប៉ុន ខណៈពេលដែលប្រជុំកោះ Kurili ទាំងមូលគឺជាទឹកដីរបស់រុស្ស៊ីចាប់តាំងពីចុងបញ្ចប់ នៃសង្គ្រាមលោកលើកទី ២ ហើយប្រទេសជប៉ុន បានទាមទារភាគខាងត្បូងបំផុត ទាំងបួននេះជារបស់ខ្លួន ដោយសំដៅទៅលើកោះទាំងនោះថាជា “ដែនដីភាគខាងជើង” របស់ខ្លួន។

ផ្ទាំងពាណិជ្ជកម្ម

លោក Zelensky បាននិយាយនៅក្នុងសុន្ទរកថា តាមរយៈវីដេអូមួយថា “ការសម្រេចចិត្តដ៏សំខាន់មួយ ត្រូវបានធ្វើឡើងនៅថ្ងៃនេះ។ យុត្តិធម៌ ភាពស្របច្បាប់គ្មានកំហុស ប្រវត្តិសាស្ត្រ។  អ៊ុយក្រែន បានអះអាងឡើងវិញ នូវការគោរពរបស់ខ្លួន ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដី របស់ប្រទេសជប៉ុន រួមទាំងដែនដីភាគខាងជើងរបស់ខ្លួន ដែលនៅតែស្ថិតនៅក្រោមការកាន់កាប់របស់រុស្ស៊ី។

លោក Zelensky ដែល​បាន​ប្តេជ្ញា​ដណ្ដើម​យក​ ទឹកដី​អតីត​អ៊ុយក្រែន​ទាំង​អស់ រួម​ទាំង​តំបន់​គ្រីមេ​ផង​នោះ បាន​ប្រកាស​ថា “វា​ចាំបាច់​ដើម្បី​រំដោះ​ចេញ​ពី​ការ​កាន់កាប់​ របស់​រុស្ស៊ី​លើ​ទឹកដី​ទាំងអស់ ​ដែល​ពួក​អ្នក​កាន់កាប់​កំពុង​ព្យាយាម​រក្សា”៕ ប្រែសម្រួលៈ ណៃ តុលា

To Top