ព័ត៌មានអន្តរជាតិ

ទាហានអ៊ុយក្រែន ភ័យស្លន់ស្លោរ ពេលប្រព័ន្ធផ្កាយរណប ដែលផ្តល់ដោយមហាសេដ្ឋី Elon Musk មិនដំណើរការ

បរទេស៖ សារព័ត៌មាន Financial Times (FT) បានរាយការណ៍កាលពីថ្ងៃសុក្រថា ការដាច់ប្រព័ន្ធទំនាក់ទំនង ប្រព័ន្ធផ្កាយរណប Starlink បាននាំឱ្យមានការបាត់បង់ទំនាក់ទំនង រវាងកងទ័ពអ៊ុយក្រែន នៅពេលពួកគេប្រយុទ្ធ ជាមួយកងកម្លាំងរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ដំណឹងនេះបានបង្កឱ្យមាន ការព្រួយបារម្ភ ថា លោក Elon Musk ប្រហែលជាបានធ្វើអ្វីមួយ ចំពោះសេវាកម្មនេះ ដើម្បីឆ្លើយតបទៅនឹង ការបរិហាររបស់អ៊ុយក្រែន ចំពោះផែនការសន្តិភាពរបស់គាត់ ប៉ុន្តែមហាសេដ្ឋីរបស់ក្រុមហ៊ុន SpaceX រូបនេះ បានហៅអត្ថបទរបស់កាសែតថា ជា “ការរាយការណ៍មិនល្អ” ។

លោក Musk បានផ្តល់ឱ្យអ៊ុយក្រែន នូវស្ថានីយ Starlink រាប់ពាន់នៅក្នុងខែមីនា ដោយជួយយោធារបស់ទីក្រុងគៀវ ឱ្យ “ប្រតិបត្តិការយន្តហោះគ្មានមនុស្សបើក ទទួលបានព័ត៌មានថ្មីៗ នៃការស៊ើបការណ៍សម្ងាត់ និងទំនាក់ទំនងគ្នាទៅវិញទៅមក នៅក្នុងតំបន់ដែលមិនមានបណ្តាញសុវត្ថិភាពផ្សេងទៀត” ដូចដែល FT បានពិពណ៌នា។

ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយសារ​កងកម្លាំង​អ៊ុយក្រែន ​បាន​រំកិល​ចូល​ក្នុង​ទឹកដី​ដែល​គ្រប់គ្រង ​ដោយ​កងកម្លាំង​រុស្ស៊ី​ពីមុន ប្រព័ន្ធ​ផ្កាយរណបបាន​ឈប់​ដំណើរការ​ច្រើន​ដង។ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់ បានប្រាប់ FT ថា មូលហេតុនេះនាំឱ្យបាត់បង់ទំនាក់ទំនង “មហន្តរាយ” រួមទាំងក្នុងអំឡុងពេល “ការប្រយុទ្ធគ្នា” ។ មន្ត្រី​ម្នាក់​ទៀត​បាន​និយាយ​ថា ការ​បរាជ័យ​គឺ​ «​រីក​រាលដាល​» ហើយ​«​បាន​ជំរុញ​ឱ្យ​មាន​ការ​ហៅ​ទូរស័ព្ទ​ដ៏​ភ័យ​ស្លន់ស្លោ​ពី​ទាហាន​ទៅ​កាន់​បណ្តាញ​ជំនួយ​»​៕

To Top