ព័ត៌មានអន្តរជាតិ

ព្រះមហាក្សត្រថៃ និងម្ចាស់ក្សត្រី យាងទៅសួរសុខទុក្ខ អ្នករបួស និងសាច់ញាតិ នៃការបាញ់ប្រហារដ៏សាហាវ ក្នុងប្រវត្តិសាស្រ្តថៃ

បរទេស៖ ព្រះមហាក្សត្រថៃ Maha Vajiralongkorn និងម្ចាស់ក្សត្រី Sutida បានយាងទៅសួរសុខទុក្ខអ្នករបួស និងសាច់ញាតិនៃការបាញ់ប្រហារនៅភាគឦសាន នៃខេត្ត Nong Bua Lamphu និងខេត្ត Udon Thani កាលពីថ្ងៃសុក្រ (ថ្ងៃទី៧ ខែតុលា) ។ នេះបើយោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ។

សូមជម្រាបថា យ៉ាងហោចណាស់ កុមារ២៤នាក់ និងគ្រូបង្រៀនមានផ្ទៃពោះម្នាក់ ត្រូវបានសម្លាប់ ដោយអតីតមន្ត្រីប៉ូលិស ដែលបានទៅបាញ់ សម្លាប់មនុស្ស នៅក្នុងមណ្ឌលថែទាំកុមារមួយកន្លែង ស្ថិតនៅភាគឦសានប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ ភ្លាមៗបន្ទាប់ពីខ្មាន់កាំភ្លើង បានបង្ហាញខ្លួននៅតុលាការ លើបទចោទប្រកាន់គ្រឿងញៀន ។

ផ្អែកតាមការលើកឡើង របស់ប៉ូលីសថៃ គឺ នៅពេលជនសង្ស័យរត់គេចខ្លួន ជនវាយប្រហារបានបើក រថយន្តចូលទៅក្នុងហ្វូងមនុស្ស ហើយបានបាញ់ សម្លាប់ អ្នកឈរមើល មុនពេលគាត់ ធ្វើដំណើរទៅផ្ទះ ដែលជាកន្លែងដែលរូបគេ បានសម្លាប់ប្រពន្ធរបស់ខ្លួនឯង កូនរបស់ និង ក្រោយមកក៏បានបាញ់សម្លាប់ខ្លួនឯង មុនពេលពួកគេបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ៣៨ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដ៏សាហាវបំផុតនៅក្នុង ប្រវត្តិសាស្ត្ររបស់ប្រទេសថៃ។

ប៉ូលិសបាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកវាយប្រហារបានប្រើកាំភ្លើងខ្លីទំហំ 9mm ប៉ុន្តែភាគច្រើនបានវាយប្រហារ កុមារដែលមានអាយុពី ២ ទៅ ៥ ឆ្នាំ ដោយប្រើកាំបិត។

លោក Paisal Luesomboon អ្នកនាំពាក្យប៉ូលិស បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ ThaiPBS ថា “គាត់បានចាប់ផ្តើមបាញ់ កាប់សម្លាប់កុមារនៅមជ្ឈមណ្ឌលថែទាំថ្ងៃ Utai Sawan” ។ យ៉ាងហោចណាស់មនុស្ស១២នាក់បានរងរបួស ក្នុងនោះ៨នាក់ របួសធ្ងន់ និងកំពុងទទួលការព្យាបាល ៕ សម្រួលៈ ណៃ តុលា

To Top