ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍ ដែលមានងារជា មហាសង្គ្រាម នឹងដឹកនាំកងទ័ពរុស្ស៊ី នៅអ៊ុយក្រែន

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសកាលពីថ្ងៃសៅរ៍ថា ឧត្តមសេនីយ៍កងទ័ពជើងគោក លោក Sergey Surovikin ដែលកំពុងដឹកនាំក្រុម “ភាគខាងត្បូង” នៃកងទ័ពនៅអ៊ុយក្រែន និង Donbass នឹងទទួលបន្ទុកបញ្ជាការរួមនៃកងកម្លាំងរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិបានអានថា “តាមការសម្រេចចិត្តរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ី ឧត្តមសេនីយ៍កងទ័ពជើងគោក Sergey Surovikin ត្រូវបានតែងតាំងជាមេបញ្ជាការនៃក្រុមរួមនៃកងកម្លាំងនៅក្នុងតំបន់នៃប្រតិបត្តិការយោធាពិសេស” ។

ឧត្តមសេនីយជើងចាស់រូបនេះបានកាន់តំណែង ជាមេបញ្ជាការកងកម្លាំងអាកាសរុស្ស៊ីតាំងពីឆ្នាំ ២០១៧។ ក្នុងឆ្នាំដដែលនោះ លោកបានទទួលងារជាវីរៈបុរស នៃប្រទេសរុស្ស៊ីសម្រាប់តួនាទីរបស់លោក នៅក្នុងប្រតិបត្តិការយោធានៅក្នុងប្រទេសស៊ីរី។ មុន​នោះ​គាត់​ក៏​បាន​ចូល​រួម​ក្នុង​អរិភាព​នៅ​ឆេចយ៉ាផងដែរ។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ លោក Surovikin ត្រូវបានផ្តល់រហស្សនាមថា ‘General Armageddon’ ដោយសហការីរបស់គាត់ ដោយលើកឡើងពីវិធីសាស្រ្តរឹងរូស និងមិនធម្មតារបស់គាត់ ចំពោះប្រតិបត្តិការយោធា៕ ប្រែសម្រួលៈ ណៃ តុលា 

To Top