ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបេឡារុស បញ្ជាឱ្យរៀបចំ និងដាក់ពង្រាយទាហានរុស្ស៊ី រាប់ពាន់នាក់ ដើម្បីឆ្លើយតបទៅនឹង ការឈ្លានពាន របស់លោកខាងលិច

បរទេស៖ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានប្រកាសកាលពីថ្ងៃចន្ទ ក្នុងអំឡុងកិច្ចប្រជុំសន្តិសុខមួយ ប្រទេសរុស្ស៊ី និងបេឡារុស្ស បានចាប់ផ្តើមបង្កើតកងកម្លាំងរួម ដែលនឹងរួមបញ្ចូលទាហានរុស្ស៊ី ជាច្រើនពាន់នាក់។ លោក​បាន​និយាយថា ចំណាត់​ការ​នេះ​ធ្វើ​ឡើង ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​កើន​ឡើង ​នៃ​ការ​ឈ្លានពាន ​ពី​ក្រុង​គៀវ និង​លោក​ខាង​លិច។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា មេដឹកនាំបេឡារុស្សបាននិយាយថា ផែនការនេះត្រូវបានសម្រេច នៅពេលដែលលោក បានជួបពិភាក្សាទល់មុខគ្នា ជាមួយលោក វ្ល៉ាឌីមៀ ពូទីន នៅខាងក្រៅកិច្ចប្រជុំកំពូល CIS ក្រៅផ្លូវការនៅ St. Petersburg កាលពីសប្តាហ៍មុន។

លោក Lukashenko បាននិយាយថា “ដើម្បីឆ្លើយតបទៅនឹងភាពធ្ងន់ធ្ងរ នៅព្រំដែនភាគខាងលិច នៃរដ្ឋសហភាព [នៃប្រទេសរុស្ស៊ី និងបេឡារុស] យើងបានយល់ព្រមក្នុងការដាក់ពង្រាយ ក្រុមក្នុងតំបន់ នៃសហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋបេឡារុស្ស” ។

លោកបានកត់សម្គាល់ថា ដោយសារបច្ចុប្បន្នកងទ័ពរុស្ស៊ីភាគច្រើនកំពុងមមាញឹកជាមួយនឹងជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន ស្នូលនៃកងកម្លាំងរួមនេះនឹងមានកងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋបេឡារុស្ស ប៉ុន្តែទោះជាយ៉ាងណានឹងមាន “ទាហានរុស្ស៊ីជាងមួយពាន់នាក់”។ Lukashenko បានបន្ថែមថា ការបង្កើតក្រុមនេះ បានដំណើរការអស់រយៈពេលពីរថ្ងៃកន្លងមកហើយ៕

សម្រួលៈ ណៃ តុលា

To Top