ជុំវិញរឿងដែល “អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តដែលជាក្រុមគេស្គាល់ថា ជាOPEC+” សម្រេចចិត្តកាត់បន្ថយបរិមាណ ផលិតប្រេងឆៅប្រចាំថ្ងៃ គិតជាមធ្យមចំនួន២លានធុង ចាប់ពីខែវិចិ្ឆកាខាងមុខនេះ សហរដ្ឋអាមេរិក បានមានប្រតិកម្មយ៉ាងខ្លាំង ក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះ ។
ដើមឡើយ រដ្ឋាភិបាលរបស់លោក Joe Biden សង្ឃឹមថា ប្រទេសផលិតប្រេងសំខាន់ៗ នៃមជ្ឈិមបូព៌ាអាចបង្កើនបរិមាណផលិតប្រេង ដើម្បីទប់ទល់នឹងតម្លៃប្រេង និងជួយសហរដ្ឋអាមេរិក គ្រប់គ្រងអតិផរណា ប៉ុន្តែទទួលបានលទ្ធផលផ្ទុយស្រឡះ ។ កាសែត 《The Hill 》បានវាយតម្លៃថា ការសម្រេចចិត្តនៃ “អង្គការ OPEC+”បានវាយប្រហារលោក Joe Biden ក្នុងវិស័យគោលនយោបាយការទូត ។
ហេតុអ្វីបានជា“អង្គការ OPEC+”សម្រេចចិត្តកាត់បន្ថយបរិមាណផលិតប្រេង? ឥស្សរជនវិភាគបានលើកឡើងថា មូលហេតុមួយគឺ ដោយសារពេលថ្មីៗកន្លងទៅនេះ តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះ ចំណូលនិងចំណេញ នៃប្រទេសនាំចេញប្រេងកាតបានធ្លាក់ចុះ ។
ពួកគេព្រួយបារម្ភថា តម្លៃប្រេងនឹងធ្លាក់ចុះថែមមួយកម្រិតទៀត ដូច្នេះ បានជ្រើសរើសយុទ្ធសាស្ត្រដែលកាត់បន្ថយបរិមាណផលិតប្រេងដើម្បីរក្សាតម្លៃ ។ មួយផ្នែកទៀត ដោយសាររងផលប៉ះពាល់ ពីការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ ភាពមិនប្រាកដប្រជា នៃអនាគតសេដ្ឋកិច្ចសកល បានកើនឡើង ហើយតម្រូវការ នៃប្រេងកាតនៅពេលអនាគត ប្រហែលនឹងបន្តត្រូវកាត់បន្ថយ ។ ដូច្នេះ អាចនិយាយបានថា តម្លៃប្រេងជាវត្ថុសំខាន់បំផុត សម្រាប់រដ្ឋសមាជិកនៃ“អង្គការ OPEC+”ដូចជាអារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាអារ៉ាប់រួមជាដើម ពួកគេធ្វើសេចក្តីសម្រេចចិត្ត ស្តីពីការកាត់បន្ថយបរិមាណផលិតប្រេង គឺឈរលើផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់ខ្លួន ។
ប៉ុន្តែសេចក្តីសម្រេចចិត្តនេះ នាំឱ្យសហរដ្ឋអាមេរិកខឹងសម្បាយ៉ាងខ្លាំង ។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមក មន្ត្រីរដ្ឋាភិបាលអាមេរិកតែងតែ ធ្វើសកម្មភាពទាំងក្នុងនិងក្រៅប្រទេស យ៉ាងសកម្ម ប៉ុនប៉ងទប់ស្កាត់កុំឱ្យតម្លៃថាមពល កើនឡើងយ៉ាងខ្លាំង ដើម្បីគ្រប់គ្រងអតិផរណាខ្ពស់ មុនពេលរៀបចំធ្វើការបោះឆ្នោត ពាក់កណ្តាលអាណត្តិ ។ ប៉ុន្តែ សេចក្តីសម្រេចចិត្ត ស្តីពីការកាត់បន្ថយបរិមាណ ផលិតប្រេងនៃ“អង្គការ OPEC+”ប្រហែលនឹងនាំឱ្យកិច្ចខិតខំប្រឹងប្រែង របស់ពួកគេឥតប្រយោជន៍ទាំងស្រុង ហើយក៏នឹងនាំមកនូវបញ្ហា ដល់សភាពការណ៍បោះឆ្នោត នៃបក្សប្រជាធិបតេយ្យផងដែរ ។
អាចឃើញបានថា ប្រទេសឈូងសមុទ្រមិន ចង់ស្តាប់បង្គាប់របស់សហរដ្ឋអាមេរិកនោះទេ ហើយក៏មានការប្តេជ្ញាចិត្ត ការពារផលប្រយោជន៍ផ្ទាល់ខ្លួន យ៉ាងមុតមាំផងដែរ ។’
បន្ទាប់ពីសេចក្តីសម្រេចចិត្ត ស្តីពីការកាត់បន្ថយបរិមាណផលិតប្រេង នៃ“អង្គការ OPEC+” ត្រូវបានប្រកាស មនុស្សមួយចំនួនរបស់សហរដ្ឋអាមេរិក ក៏ខឹងដាច់ក្បាលដាច់កន្ទុយ ព្រមទាំងព្រលយសម្តីថា នឹងចាត់វិធានការតបតវិញ ហើយសមាជិករដ្ឋសភាមួយចំនួន សឹងតែចាប់ផ្តើមជំរុញការតាក់តែងសេចក្តីព្រាងច្បាប់ ប៉ុនប៉ងវាយប្រហារនិងសងសឹក ទៅលើប្រទេសឈូងសមុទ្រ ។ នេះបានលាតត្រដាងថែមមួយកម្រិតទៀត នូវការពន្យល់ដ៏ពិតប្រាកដចំពោះពាក្យ “សម្ព័ន្ធមិត្ត”ក្នុងវចនានុក្រម របស់សហរដ្ឋអាមេរិក គឺ ចំណុះ អុក និងឧបករណ៍។ល។ ពួកគេចាំបាច់ត្រូវស្តាប់បង្គាប់ និងគោរពតាមដោយគ្មានលក្ខខណ្ឌ បើពុំនោះសោត សហរដ្ឋអាមេរិក នឹងអនុវត្តការដាក់ទណ្ឌកម្ម ។
អ្វីដែលគួរឱ្យអស់សំណើចនោះគឺ ខណៈពេលសហរដ្ឋអាមេរិក មានការខឹងសម្បាចំពោះការដែល“អង្គការ OPEC+” កាត់បន្ថយបរិមាណផលិតប្រេងកាត លោក Emmanuel Macron ប្រធានាធិបតីបារាំងបានស្រែក ទៅកាន់អាមេរិកថា ទង្វើរបស់សហរដ្ឋអាមេរិក ដែលលក់ឧស្ម័នធម្មជាតិ ដោយតម្លៃខ្ពស់ពេលសម្ព័ន្ធមិត្ត នៅអឺរ៉ុបរបស់អាមេរិក មានភាពតានតឹងខាងថាមពល មិនមែនជា “មិត្តភាពពិតប្រាកដ” រវាងអឺរ៉ុបនិងអាមេរិកនោះទេ ។ មួយផ្នែករិះគន់“អង្គការ OPEC+” កាត់បន្ថយបរិមាណផលិតប្រេង ដែលបណ្តាលឱ្យតម្លៃប្រេងកើនឡើង មួយផ្នែកទៀត លើកកម្ពស់តម្លៃឧស្ម័នធម្មជាតិ ដែលលក់ឱ្យសម្ព័ន្ធមិត្តនៅអឺរ៉ុបតាមតែទំនើងចិត្ត អនុត្តរភាពនិងអាត្មានិយមដែល “តម្កល់ទុកសហរដ្ឋអាមេរិក ជាអទិភាព”ត្រូវបានលាតត្រដាង យ៉ាងច្បាស់ក្រឡែត ៕
វិទ្យុមិត្តភាពកម្ពុជាចិន