ព័ត៌មានអន្តរជាតិ

Update៖ លោក គីម ជុងអ៊ុន បើកសម្ពោធកសិដ្ឋានផ្ ទះកញ្ចក់ថ្មីនៅលើទីតាំង អតីតមូលដ្ឋាន ទ័ពអាកាស របស់កូរ៉េខាងជើង

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានចូលរួមពិធីបើកកសិដ្ឋានផ្ទះកញ្ចក់ដ៏ធំថ្មីមួយដែលសាងសង់នៅលើអតីតមូលដ្ឋានទ័ពអាកាស ដែលជាកន្លែងដែលប្រទេសនេះ បានបាញ់សាកល្បងមីស៊ីលរហូតដល់ឆ្នាំមុន នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សព្វផ្សាយនៅថ្ងៃអង្គារនេះ ។

ការបើកសម្ពោធកាលពីថ្ងៃចន្ទនៃកសិដ្ឋានផ្ទះកញ្ចក់ Ryonpho ដែលមានទីតាំងនៅតំបន់ភាគខាងកើតនៃទីក្រុង Hamju គឺដើម្បីប្រារព្ធខួបនៃការបង្កើតគណបក្សកម្មករដែលកំពុងកាន់អំណាច ដែលជាថ្ងៃឈប់សម្រាកដ៏សំខាន់នៅក្នុងប្រទេសកូរ៉េខាងជើង ។

លោក គីម បានចូលរួមក្នុងព្រឹត្តិការណ៍នេះ បន្ទាប់ពីដឹកនាំសមយុទ្ធនុយក្លេអ៊ែរ សំដៅលើប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះ ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ត្រូវបានរៀបចំឡើងដើម្បីទប់ទល់នឹងសមយុទ្ធកងទ័ពជើងទឹករួមគ្នានាពេលថ្មីៗនេះ ដោយកងកម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះ ។

គណបក្សកាន់អំណាចរបស់កូរ៉េខាងជើង បានបង្ហាញពីគម្រោងផ្លាស់ប្តូរមូលដ្ឋានអាកាស Ryonpho ទៅជា “កសិដ្ឋានស្វ័យប្រវត្តិខ្ពស់” និងជាគំរូសម្រាប់អរិយធម៌ជនបទ ដោយហៅវាថា ជា “កិច្ចការអាទិភាពបំផុត” ដើម្បីជួយសម្រេចបាននូវគោលដៅនៃការកែលម្អជីវិតប្រជាជនដែលបានកំណត់នៅក្នុងកិច្ចប្រជុំគោលនយោបាយសំខាន់ៗរបស់ខ្លួនកាលពីខែធ្នូឆ្នាំមុន ។

ប្រទេសឯកោមួយនេះបានប្រើប្រាស់តំបន់នេះសម្រាប់ការបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនដង រួមទាំង KN-25s ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ និង KN-23 ដែលសង្ស័យក្នុងខែមីនា ឆ្នាំ២០២១ ៕
ដោយ៖ ម៉ៅ បុប្ផាមករា

To Top