ព្រុចសែល៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង លោក Bruno Le Maire បានព្រមានថា សហរដ្ឋអាមេរិក មិនគួរត្រូវបានអនុញ្ញាតឱ្យ គ្រប់គ្រងទីផ្សារថាមពលពិភពលោកនោះទេ ខណៈពេលដែល សហភាពអឺរ៉ុប ទទួលរងពីផលវិបាក នៃជម្លោះក្នុងប្រទេសអ៊ុយក្រែន។
លោកបានឲ្យដឹងនៅក្នុងសភាជាតិកាលពីថ្ងៃចន្ទថា “ជម្លោះនៅអ៊ុយក្រែន មិនត្រូវបញ្ចប់ដោយការត្រួតត្រាសេដ្ឋកិច្ចរបស់អាមេរិក និងការចុះខ្សោយនៃសហភាពអឺរ៉ុបនោះទេ” ។
លោក Le Maire បានលើកឡើងថា វាមិនអាចទទួលយកបាននោះទេ ដែលថាទីក្រុងវ៉ាស៊ីនតោន “លក់ឧស្ម័នធម្មជាតិរាវរបស់ខ្លួនក្នុងតម្លៃ ៤ដងច្រើនជាងតម្លៃ ដែលខ្លួនកំណត់ សម្រាប់អ្នកឧស្សាហ៍កម្មរបស់ខ្លួន” ដោយបន្ថែមថា “ការធ្លាក់ចុះសេដ្ឋកិច្ចនៃទ្វីបអឺរ៉ុប មិនស្ថិតនៅក្នុងចំណាប់អារម្មណ៍របស់នរណាម្នាក់ឡើយ” ។
លោក Le Maire បានបន្ដថា “យើងត្រូវតែឈានដល់ទំនាក់ទំនងសេដ្ឋកិច្ច ដែលមានតុល្យភាពជាងមុនលើបញ្ហាថាមពលរវាងដៃគូអាមេរិករបស់យើង និងទ្វីបអឺរ៉ុប”។
មុនជម្លោះនៅអ៊ុយក្រែន រុស្ស៊ីជាអ្នកផ្គត់ផ្គង់ឧស្ម័នធំជាងគេរបស់ សហភាពអឺរ៉ុប ដែលទទួលខុសត្រូវប្រហែល ៤៥ភាគរយ នៃការនាំចូលឧស្ម័ន របស់ប្លុក។
ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ក្នុងប៉ុន្មានខែថ្មីៗនេះ ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី ទៅកាន់សហភាពអឺរ៉ុប បានថយចុះយ៉ាងខ្លាំង៕
ប្រែសម្រួល ឈូក បូរ៉ា