បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសមួយ កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថា អគ្គលេខាអង្គការណាតូលោក Jens Stoltenberg បានអះអាងថាណាតូនឹងធ្វើការជម្រុញ នូវផែនការរៀបចំសមយុទ្ធយោធា ត្រៀមប្រើប្រាស់គ្រាប់នុយក្លេអ៊ែរ ដែលស្ថិតនៅក្នុងផែនការ អស់រយៈពេលជាយូរមកហើយនោះ ឲ្យបាននៅសប្តាហ៍ក្រោយ។
លោក Jens បានបន្តថាសមយុទ្ធដែល នឹងត្រូវតែធ្វើទោះបីជាកន្លងមក តែងតែទទួលបានរងនូវ ការគម្រាមកំហែងជាច្រើន ពីសំណាក់រុស្សីជាពិសេស ប្រធានាធិបតីលោក Vladimir Putin ក្តីហើយអះអាងថាវាមិនមែនជា សមយុទ្ធដែលធ្វើឡើងក្នុងគោលបំណង ដើម្បីប្រយុទ្ធប្រឆាំងទៅ នឹងប្រទេសរុស្សីនោះដែរ។

សមយុទ្ធយោធាដែល នឹងត្រូវមានឈ្មោះថា Steadfas Noon គឺជាសមយុទ្ធដែលធ្វើឡើងជា រៀងរាល់ឆ្នាំនិងជាញឹកញាប់ ហើយជាធម្មតាវានឹងមានរយៈពេល យ៉ាងហោចណាស់មួយសប្តាហ៍ ដែលក្នុងនោះមានការ ចូលរួមពីសំណាក់យន្តហោះចម្បាំង ដែលអាចបំពាក់គ្រាប់នុយក្លេអ៊ែរ ប៉ុន្តែមិនមានការរៀបចំគ្រាប់ពិត ឡើយហើយព្រមទាំងប្រភេទ យន្តហោះផ្សេងៗទៀតផងដែរ។
គេជឿជាក់ថាសមយុទ្ធយោធានេះ លើកនេះនឹងមានការចូលរួម ពីសំណាក់សមាជិកអង្គការណាតូចំនួន៣០ ហើយផែនការនៃការធ្វើសមយុទ្ធយោធាមួយនេះ គឺបានរៀបចំឡើងតាំងតែពី មុនពេលដែលរុស្សីបើកប្រតិបត្តិការ លុកលុយទៅលើ ប្រទេសអ៊ុយក្រែនមកម្ល៉េះ ៕
ប្រែសម្រួល៖ ស៊ុន លី
