វ៉ាស៊ីនតោន៖ អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន បានណែនាំកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក អាចដកប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ប្រសិនបើលោកត្រូវប្រើអាវុធនុយក្លេអ៊ែរ។
នៅពេលដែលសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន នៅតែបន្តដល់ខែទី៧ ការព្រួយបារម្ភអំពីការវាយប្រហារនុយក្លេអ៊ែរ ដែលអាចកើតមានបានកើនឡើង។ ថ្មីៗនេះ លោក ពូទីន បានលើកឡើងនូវវោហាសាស្ត្ររបស់លោក អំពីការឆ្លើយតបនុយក្លេអ៊ែរ ជាពិសេសយោធារបស់លោក បានជួបការខាតបង់យ៉ាងសំខាន់ នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃ “ប្រតិបត្តិការយោធាពិសេស” របស់រុស្ស៊ីកាលពីចុងខែកុម្ភៈ។
លោក បូលតុន ដែលជាអតីតទីប្រឹក្សាសន្តិសុខជាតិ របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយអំពីលទ្ធភាព នៃសង្គ្រាមនុយក្លេអ៊ែរ អំឡុងពេលបង្ហាញខ្លួន នៅក្នុងកម្មវិធីវិទ្យុរបស់អង់គ្លេស LBC កាលពីថ្ងៃអង្គារ។ លោកបានអំពាវនាវ ឱ្យសហរដ្ឋអាមេរិក បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីរារាំងលោក ពូទីន ពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
លោក បូលតុន បានលើកឡើងថា “យើងត្រូវបញ្ជាក់ឱ្យច្បាស់ថាតើលោក ពូទីន ត្រូវបញ្ជាឱ្យប្រើអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលលោកនឹងចុះហត្ថលេខា លើលិខិតអត្តឃាត ខ្ញុំគិតថា នោះជាអ្វីដែលវាអាចត្រូវការ ដើម្បីរារាំងលោកប្រសិនបើលោកចូលក្នុងកាលៈទេសៈធ្ងន់ធ្ងរ”។
លោក បូលតុន បានបន្ដថាលោកជឿជាក់ថា “ការធ្វើឱ្យច្បាស់ថា យើងនឹងដាក់បន្ទុកលើការទទួលខុសត្រូវ” លើលោក ពូទីន ប្រសិនបើលោក បញ្ជាឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ នឹងបង្កើនឱកាសនៃការរារាំងលោក ពីការធ្វើដូច្នេះ។ លោកបានបន្ថែមថា លោកជឿជាក់ថា សហរដ្ឋអាមេរិកមានសមត្ថភាព ក្នុងការកំណត់គោលដៅលើប្រធានាធិបតីរុស្ស៊ី។
លោកបានបន្ថែមថា “អ្នកអាចសួរ Qassem Soleimani នៅក្នុងប្រទេសអ៊ីរ៉ង់ថា តើមានអ្វីកើតឡើងនៅពេលដែលយើង សម្រេចចិត្តថានរណាម្នាក់ គឺជាការគំរាមកំហែង ដល់សហរដ្ឋអាមេរិក” លោកបាននិយាយថា ដោយសំដៅទៅលើមេបញ្ជាការ យោធាអ៊ីរ៉ង់ ដែលត្រូវបានសម្លាប់នៅឆ្នាំ២០២០ ដោយការវាយប្រហារតាមអាកាស របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់៕ ប្រែសម្រួល ឈូក បូរ៉ា