បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃពុធម្សិលមិញនេះ បានថ្លែងបញ្ជាក់ច្បាស់ៗថា លោកគ្មានបំណងចង់ជួបជាមួយ នឹងលោកប្រធានាធិបតីរុស្សី Vladimir Putin ដោយផ្ទាល់នៅឯកិច្ចប្រជុំ G20 ឡើយ។
លោកប្រធានាធិបតីរូបនេះ បានបន្តទៀតថា នៅឯកិច្ចប្រជុំ G20 នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី លោកនឹងមិនជួបជាមួយនឹងលោក Putin ឡើយប្រសិនបើមេដឹកនាំរុស្សីរូបនេះ នឹងមិនមករកលោកមុនទេនោះ ដើម្បីពិភាក្សាបញ្ហាជាច្រើន ជាមួយគ្នាបូករួមទាំងបញ្ហាចាប់ខ្លួន កីឡាករបាល់បោះអាមេរិក Brittney Griner ផងនោះ។
ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ CNN លោក Biden បានពន្យល់ថាបញ្ហាជាច្រើន ដែលកំពុងមានរវាងរុស្សីនិងអាមេរិក ហើយក្នុងនោះលោក Biden ក៏បានថ្កោលទោសចំពោះគំនិតណាមួយ ដែលថាលោក Putin នឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងជម្លោះជាមួយនឹងអ៊ុយក្រែនផងដែរ។
លោក Biden បានថ្លែងបែបនេះថា នៅពេលដែលត្រូវបានសួរថា តើលោកនឹងជួបជាមួយនឹងលោក Putin ដែរឬទេនៅ G20៖សម្រាប់ខ្ញុំគឺគ្មានបំណង ដើម្បីជួបជាមួយនឹងគាត់ទេ ប៉ុន្តែប្រសិនបើគាត់ដើរមករកខ្ញុំនៅកិច្ចប្រជុំ G20 ហើយនិយាយថាខ្ញុំចង់ពិភាក្សា ជាមួយអ្នកពីបញ្ហាការដោះលែង លោក Griner នោះខ្ញុំនឹងស្វាគមន៍ជានិច្ច ដើម្បីពិភាក្សាគ្នាដូចនេះ វាអាស្រ័យលើគាត់ប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី