សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានត្រួតពិនិត្យការបាញ់បង្ហោះមីស៊ីលយុទ្ធសាស្ត្រ រយៈចម្ងាយឆ្ងាយចំនួន២ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយ រដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ ដោយហៅ ការបាញ់ សាកល្បងនេះថា ជាការសាកល្បងដើម្បីបញ្ជាក់ពីភាពជឿជាក់ និងប្រតិបត្តិការ នៃអាវុធនុយក្លេអ៊ែរ ដែលដាក់ពង្រាយ ដល់អង្គភាពយោធា ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ ហៅកាត់ថា (KCNA) បានផ្សាយថា ការបាញ់សាកល្បងនេះត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ ហើយមានគោលបំណង “បង្កើនប្រសិទ្ធភាពប្រយុទ្ធ និងកម្លាំង” នៃមីស៊ីល ដែលនាំទៅកាន់កងទ័ពប្រជាជនកូរ៉េ “សម្រាប់ប្រតិបត្តិការអាវុធនុយក្លេអ៊ែរ” ។
ទីភ្នាក់ងារ KCNA បានផ្សាយថា លោក គីម បានសង្កត់ធ្ងន់ថា ការបាញ់សាកល្បងនេះ គឺជាការព្រមានយ៉ាងច្បាស់មួយទៀតដល់ “ខ្មាំងសត្រូវ” មេដឹកនាំគីម ជុងអ៊ុន បានថ្លែងថា ប្រទេស “គួរតែបន្តពង្រីកផ្នែកប្រតិបត្តិការ នៃកងកម្លាំងប្រដាប់អាវុធ យុទ្ធសាស្ត្រនុយក្លេអ៊ែរ ដើម្បីដោះស្រាយយ៉ាងម៉ឺងម៉ាត់ នូវវិបត្តិយោធា និងវិបត្តិសង្គ្រាមដ៏សំខាន់នៅពេលណាក៏បាន។ ទទួលយកគំនិតផ្តួចផ្តើមនៅក្នុងនេះទាំងស្រុង” ។
គួររំលឹកថា កាលពីថ្ងៃចន្ទទីភ្នាក់ងារ KCNA បានផ្សាយថា លោក គីម បានដឹកនាំសមយុទ្ធនុយក្លេអ៊ែរ សំដៅលើប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេល២សប្តាហ៍ កន្លងមកនេះ ក្នុងការតវ៉ា ចំពោះសមយុទ្ធកងទ័ពជើងទឹករួមគ្នានាពេលថ្មីៗនេះ ដោយកងកម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះផងដែរ ។
ទីភ្នាក់ងារ KCNA បានរាយការណ៍ថា មីស៊ីលចំនួន២គ្រាប់ដែលបានបាញ់សាកល្បងកាលពីថ្ងៃពុធបានហោះក្នុងរយៈពេល ១០.២៣៤វិនាទី ហើយ “បានបាញ់ចំគោលដៅយ៉ាងច្បាស់នៅចម្ងាយ២.០០០គីឡូម៉ែត្រ” ។
ជុំវិញករណីនេះដែរ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបដិសេធមិនធ្វើអត្ថាធិប្បាយ លើការបាញ់បង្ហោះនោះទេ ហើយបានលើកឡើងថា ក្រុងវ៉ាស៊ីនតោននៅតែផ្តោតលើការ សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន ដើម្បីដោះស្រាយការគំរាមកំហែង ដែលបង្កឡើងដោយកូរ៉េខាងជើង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា