ព័ត៌មានអន្តរជាតិ

Update៖ UN ថ្កោលទោសយ៉ាងខ្លាំង ចំពោះការប៉ុនប៉ងដោយខុសច្បាប់ របស់រុស្ស៊ី ចង់ដាក់បញ្ចូលតំបន់៤ របស់អ៊ុយក្រែន

អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ថា មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ថ្ងៃពុធ បានថ្កោលទោសយ៉ាងខ្លាំងចំពោះ “ការប៉ុនប៉ងបញ្ចូលខុសច្បាប់” របស់រុស្ស៊ី នៃតំបន់កាន់កាប់ដោយផ្នែកចំនួន៤ នៅក្នុងប្រទេសអ៊ុយក្រែន ហើយបានអំពាវនាវ ឱ្យប្រទេសទាំងអស់មិនទទួលស្គាល់ ការផ្លាស់ប្តូរនេះ ដោយពង្រឹងភាពឯកោអន្តរជាតិ ខាងការទូតរបស់ទីក្រុងម៉ូស្គូ ចាប់តាំងពីប្រទេសនេះ បានឈ្លានពានមកលើអ្នកជិតខាងរបស់ខ្លួន ។

៣/៤ នៃមហាសន្និបាតសមាជិកទាំង១៩៣ ដែលមានប្រទេសចំនួន១៤៣ បានបោះឆ្នោតគាំទ្រដំណោះស្រាយ ដែលបានបញ្ជាក់ជាថ្មីអំពីអធិបតេយ្យភាព ឯករាជ្យភាព ឯកភាព និងបូរណភាពទឹកដីនៃប្រទេសអ៊ុយក្រែន ក្នុងព្រំដែនដែលទទួលស្គាល់ ជាអន្តរជាតិរបស់ខ្លួន ។

ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ របស់អ៊ុយក្រែន លោក Sergiy Kyslytsya បានប្រាប់ដល់អ្នកសារព័ត៌មាន ក្រោយការបោះឆ្នោត ខណៈដែលលោកឈរក្បែរ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield ដែលបានថ្លែងថា លទ្ធផលបង្ហាញថា រុស្ស៊ី មិនអាចបំភិតបំភ័យពិភពលោកបាននោះទេ ។

មានតែប្រទេសចំនួន៤ប៉ុណ្ណោះដែលបានចូលរួមជាមួយរុស្ស៊ី ក្នុងការបោះឆ្នោតប្រឆាំង នឹងដំណោះស្រាយនេះ រួមមានស៊ីរី នីការ៉ាហ្គា កូរ៉េខាងជើង និងប៊ែលឡារុស្ស ។
ប្រទេសចំនួន៣៥ បានបដិសេធមិនចូលរួម ក្នុងការបោះឆ្នោតរួមទាំងប្រទេស ជាដៃគូយុទ្ធសាស្ត្ររបស់រុស្ស៊ី គឺប្រទេសចិន ខណៈប្រទេសផ្សេងទៀត មិនបានបោះឆ្នោត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top