ព័ត៌មានអន្តរជាតិ

តម្លៃប្រេងធ្លាក់ចុះ ខណៈដែលអង្គការ OPEC កាត់បន្ថយការព្យាករណ៍ សម្រាប់កំណើនតម្រូវការ

ញូវយ៉ក៖ តម្លៃប្រេងបានធ្លាក់ចុះ កាលពីថ្ងៃពុធ បន្ទាប់ពីអង្គការនៃប្រទេសនាំចេញប្រេង (OPEC) បានទម្លាក់ការប៉ាន់ស្មាន កំណើនតម្រូវការប្រេងពិភពលោក សម្រាប់ទាំងឆ្នាំ២០២២ និងឆ្នាំ២០២៣ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

West Texas Intermediate សម្រាប់ការចែកចាយខែវិច្ឆិកាបានធ្លាក់ចុះ ២,០៨ដុល្លារអាមេរិក ឬ ២,៣ភាគរយ មកនៅត្រឹម ៨៧,២៧ ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន New York Mercantile Exchange។

ប្រេងឆៅប្រភេទ Brent សម្រាប់ការចែកចាយ នៅខែធ្នូបានធ្លាក់ចុះ ១,៨៤ដុល្លារ ឬ ២ភាគរយ មកនៅតម្លៃ ៩២,៤៥ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន London ICE Futures Exchange ។

នៅក្នុងរបាយការណ៍ប្រចាំខែ ដែលត្រូវបានឃ្លាំមើល យ៉ាងដិតដល់របស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃពុធ អង្គការ OPEC បានកាត់បន្ថយការប៉ាន់ស្មានរបស់ខ្លួន សម្រាប់កំណើននៃតម្រូវការប្រេងពិភពលោក ដោយលើកឡើងពីទស្សនវិស័យមិនច្បាស់លាស់ កាន់តែខ្លាំងឡើងសម្រាប់សេដ្ឋកិច្ចពិភពលោក។

ផ្ទាំងពាណិជ្ជកម្ម

អង្គការ OPEC បានព្យាករណ៍ថា តម្រូវការប្រេងនឹងកើនឡើង ២,៦៤លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងឆ្នាំនេះ ធ្លាក់ចុះចំនួន ៤៦០០០០បារ៉ែលក្នុងមួយថ្ងៃ ពីការព្យាករណ៍ខែកញ្ញារបស់ខ្លួន។ កំណើននៅឆ្នាំ២០២៣ ក៏ត្រូវបានកែសម្រួលធ្លាក់ចុះផងដែរ។

ពាណិជ្ជករបានរង់ចាំទិន្នន័យ ស្តីពីស្តុកប្រេងឥន្ធនៈ របស់សហរដ្ឋអាមេរិក ខណៈដែលរដ្ឋបាលព័ត៌មានថាមពល របស់សហរដ្ឋអាមេរិក គ្រោងនឹងចេញផ្សាយរបាយការណ៍ ស្ថានភាពប្រេងឥន្ធនៈប្រចាំសប្តាហ៍របស់ខ្លួន នៅថ្ងៃព្រហស្បតិ៍នេះ។

អ្នកវិភាគដែលត្រូវបានស្ទង់មតិដោយ S&P Global Commodity Insights រំពឹងថាការផ្គត់ផ្គង់ប្រេងឆៅរបស់សហរដ្ឋអាមេរិក នឹងបង្ហាញពីការកើនឡើងចំនួន ២,២លានបារ៉ែលក្នុងអំឡុងសប្តាហ៍ ដែលបញ្ចប់នៅថ្ងៃទី០៧ ខែតុលា៕ ប្រែសម្រួល ឈូក បូរ៉ា

To Top