ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់​មី​ស៊ី​ល​ផ្លោង​មួយគ្រាប់ទៀត ឆ្ពោះទៅ​សមុទ្រ​ជប៉ុន​

តួក្យូ៖ រដ្ឋាភិបាលជប៉ុន និងយោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់បង្ហោះមីស៊ីលផ្លោង រយៈចម្ងាយខ្លីមួយគ្រាប់ទៀត ឆ្ពោះទៅកាន់សមុទ្រជប៉ុន នៅព្រឹកថ្ងៃសុក្រ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បានប្រាប់អ្នកយកព័ត៌មានថា មីស៊ីលដែលបាញ់បង្ហោះនៅម៉ោងប្រហែល ១ និង ៤៧ នាទីព្រឹក ត្រូវបានគេជឿថា បានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ច ផ្តាច់មុខរបស់ប្រទេសជប៉ុនរួចហើយ ដែលមានចម្ងាយប្រហែល ៣៧០គីឡូម៉ែត្រពីឆ្នេរសមុទ្រ។

លោកបានលើកឡើងថា មីស៊ីលនេះទំនងជាធ្វើដំណើរ បានចម្ងាយប្រហែល ៦៥០គីឡូម៉ែត្រ ក្នុងរយៈកម្ពស់អតិបរមា ៥០គីឡូម៉ែត្រ ដោយបន្ថែមថា មិនមានរបាយការណ៍ភ្លាមៗ អំពីការខូចខាតដល់យន្តហោះ ឬកប៉ាល់នោះទេ។

លោក Hamada បានបន្ដថា វាអាចទៅរួច ដែលថា មីស៊ីលបានហោះលើគន្លងមិនទៀងទាត់។ អគ្គសេនាធិការចម្រុះរបស់ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី ចេញពីតំបន់ក្បែរទីក្រុងព្យុងយ៉ាង នៅម៉ោងប្រហែល ១ និង ៤៩នាទីព្រឹកនេះ។

ផ្ទាំងពាណិជ្ជកម្ម

ទង្វើនេះបានកត់សម្គាល់ ចុងក្រោយបង្អស់នៅក្នុងការ បាញ់សាកល្បងជាបន្តបន្ទាប់ ដោយទីក្រុងព្យុងយ៉ាង នាពេលថ្មីៗនេះ រួមទាំងការបាញ់មីស៊ីលកាលពីដើមខែនេះ ដែលបានបញ្ជូនមីស៊ីល ឆ្លងផុតប្រជុំកោះជប៉ុន ជាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំ។

លោក Hamada បានលើកឡើងអំពីការបាញ់មីស៊ីល នៅថ្ងៃសុក្រនេះ ដោយកូរ៉េខាងជើងថា “វាមិនអាចទទួលយកបានទាំងស្រុង” ដែលជាឱកាសបែបនេះលើកទី៨ ចាប់តាំងពីចុងខែកញ្ញា។

កាលពីពេលថ្មីៗនេះ កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោង ដើម្បីផ្គើននឹងដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ចំពេលមានការរំពឹងទុកកាន់តែខ្លាំងថា ខ្លួនអាចធ្វើការសាកល្បង នុយក្លេអ៊ែរលើកទី៧ នាពេលខាងមុខ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top