ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំង អះអាងថា នឹង​មិន​សងសឹក ដោយអាវុធ​នុយក្លេអ៊ែរ​ នោះទេ បើ​ទោះជារុស្ស៊ី ​ប្រើ​វា​នៅ​ក្នុងសង្គ្រាមអ៊ុយក្រែន

ប៉ារីស៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានលើកឡើងថា ប្រទេសបារាំង នឹងមិនឆ្លើយតបជាមួយនឹងអាវុធនុយក្លេអ៊ែរនោះទេ ប្រសិនបើរុស្ស៊ី ប្រើវាប្រឆាំងនឹងអ៊ុយក្រែន។

លោក ម៉ាក្រុង បានប្រាប់ទូរទស្សន៍សាធារណៈ France 2 កាលពីថ្ងៃពុធថា “គោលលទ្ធិរបស់យើងពឹងផ្អែកលើផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រទេស” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។

នេះជាលើកទីមួយហើយដែលលោក បានពិភាក្សាអំពីគោលលទ្ធិទប់ស្កាត់នុយក្លេអ៊ែររបស់បារាំង ទាក់ទងនឹងអ៊ុយក្រែនយ៉ាងលម្អិត។ លោក បានលើកឡើងថា វាមិនល្អនោះទេក្នុងការនិយាយអំពីវាច្រើនពេក។

លោកបានបន្ដថា រហូតមកដល់ពេលនេះ ទោះបីជាមានការគំរាមកំហែងរបស់លោក ពូទីន ក៏ដោយ ក៏មិនន័យថាប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កំពុងតែផ្លាស់ប្តូរទ្រព្យសម្បត្តិនុយក្លេអ៊ែរនោះទេ។

លោក ម៉ាក្រុង បានបន្ថែមថា លោក ពូទីន ត្រូវតែ “ត្រឡប់ទៅតុចរចា” ដើម្បីពិភាក្សាអំពីសន្តិភាពនៅអ៊ុយក្រែន ហើយលោកគិតថា ទីក្រុងគៀវ នឹងត្រូវចរចាជាមួយលោក នៅពេលណាមួយ។

លោកបានបញ្ជាក់ថា “ថ្ងៃនេះ ជាដំបូង លោក វ្ល៉ាឌីមៀ ពូទីន ត្រូវតែបញ្ឈប់សង្រ្គាមនេះ គោរពបូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយត្រលប់មកតុវិញ ដើម្បីពិភាក្សាគ្នា”៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top