ព័ត៌មានអន្តរជាតិ

បុគ្គលិកសុខាភិបាល នៅក្នុងប្រទេសប្រេស៊ីល ចំនួន៤.៥០០នាក់ បាត់បង់ជីវិត បន្ទាប់ពីឆ្លងជំងឺកូវីដ-១៩

សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ថា សហព័ន្ធពិភពលោកតំណាងឱ្យ បុគ្គលិកសេវាសាធារណៈ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា បុគ្គលិកសុខាភិបាល ជាច្រើននាក់រហូតដល់ ៤.៥០០នាក់ បានស្លាប់នៅក្នុងប្រទេសប្រេស៊ីល បន្ទាប់ពីបានឆ្លងមេរោគកូវីដ-១៩ ខណៈដែលកំពុងធ្វើការដើម្បីសង្គ្រោះជីវិត ក្នុងអំឡុងពេលរាតត្បាត ។

ក្នុងចំណោមជនរងគ្រោះទំាងនោះ គឺមានគិលានុបដ្ឋាយិកា ចំនួន១.១៨៤នាក់ ហើយ៨នាក់ក្នុងចំណោម១០នាក់ជាស្ត្រី នេះបើយោងតាមសេវាសាធារណៈ អន្តរជាតិ ហៅកាត់ (PSI) ដែលមានទំនាក់ទំនង ជាមួយអង្គការពលកម្មអន្តរជាតិ បានឲ្យដឹងដូច្នេះ ។

ការស្លាប់ត្រូវបានចុះបញ្ជី នៅចន្លោះខែមីនា ឆ្នាំ២០២០ និងខែធ្នូ ឆ្នាំ២០២១ យោងតាមរបាយការណ៍របស់ PSI ដែលផ្អែកលើទិន្នន័យ ផ្លូវការត្រូវបានចងក្រង ដើម្បីវិភាគគោលនយោបាយ សាធារណៈចំពេលមានព្រឹត្តិការណ៍ នៃទំហំបែបនេះនៅក្នុង ប្រទេសប្រេស៊ីល និងប្រទេសដទៃទៀត ។

គិតមកទល់ពេលនេះ ប្រេស៊ីល មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៦៨៧.២០៦នាក់ ជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប្រទេសទី៣ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ច្រើនជាងគេបន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា នេះបើយោងតាមតួលេខ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលប្រេស៊ីល ។

ខាង PSI បានប្រមូលផ្តុំសហជីពជាង៧០០ តំណាងឱ្យកម្មករ៣០លាននាក់ ក្នុង១៥៤ប្រទេស នេះបើយោងតាមគេហទំព័ររបស់ខ្លួន បានបង្ហោះឲ្យដឹង ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top