ព័ត៌មានអន្តរជាតិ

រដ្ឋបាលលោក បៃដិន៖ បណ្ដារដ្ឋ OPEC ផ្សេងទៀត ត្រូវបានបង្ខិតបង្ខំដោយអារ៉ាប៊ីសាអូឌីត ក្នុងការកាត់បន្ថយទិន្នផលប្រេង

វ៉ាស៊ីនតោន៖ រដ្ឋបាលលោក បៃដិន បានរុញច្រានប្រឆាំងនឹងការការពារ របស់ប្រទេសអារ៉ាប៊ីសាអូឌីត ចំពោះការកាត់បន្ថយផលិតកម្ម ប្រេងនាពេលថ្មីៗនេះ ដោយលើកឡើងថា ប្រទេសសមាជិកនៅក្នុងអង្គការ OPEC មានអារម្មណ៍ថា “ត្រូវបានបង្ខិតបង្ខំ” ដើម្បីធ្វើតាមការដឹកនាំរបស់ អារ៉ាប៊ីសាអូឌីតក្នុងការគាំទ្រ ទិន្នផលធ្លាក់ចុះ។

កាលពីសប្តាហ៍មុន បណ្តាប្រទេស OPEC និងប្រទេសសម្ព័ន្ធមិត្ត ដែលផលិតប្រេងបានគាំទ្រ ផែនការកាត់បន្ថយផលិតកម្មប្រេងចំនួន ២លានបារ៉ែលក្នុងមួយថ្ងៃ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

ជាការឆ្លើយតប ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan និងនាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោក Brian Deese បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយថា ទង្វើនេះបានធ្វើឱ្យលោកប្រធានាធិបតី ចូ បៃដិន ខកចិត្ត ដោយកត់សម្គាល់ថា “សេដ្ឋកិច្ចពិភពលោកកំពុងដោះស្រាយ ជាមួយនឹងផលប៉ះពាល់អវិជ្ជមាន ជាបន្តបន្ទាប់នៃការឈ្លានពានអ៊ុយក្រែន របស់លោក ពូទីន”។

លោក បៃដិន បានប្រាប់ទូរទស្សន៍ CNN លោក Jake Tapper នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអង្គារថា នឹងមាន “ផលវិបាកមួយចំនួន សម្រាប់អ្វីដែលពួកគេបានធ្វើ ជាមួយនឹងប្រទេសរុស្ស៊ី” ។ លោក​បាន​កំណត់​ការ​កាត់​បន្ថយ​ ផលិតកម្ម​ប្រេង​ក្នុង​លក្ខខណ្ឌ​ដែល​អារ៉ាប៊ីសាអូឌីត​ចូល​រួម​ ជាមួយ​របប​របស់​ប្រធានាធិបតី​រុស្ស៊ីលោក វ្លាឌីមៀ ពូទីន។

នៅថ្ងៃបន្ទាប់ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានចេញសេចក្តីថ្លែងការណ៍ ដ៏វែងមួយដោយបង្ហាញពី “ការបដិសេធទាំងស្រុង” នៃមតិយោបល់ដែលបង្ហាញថាខ្លួនកំពុង “ចូលភាគីក្នុងជម្លោះអន្តរជាតិ” ហើយថាការសម្រេចចិត្តរបស់ខ្លួនគឺ “មានហេតុផលនយោបាយ” ប្រឆាំងនឹងសហរដ្ឋអាមេរិក សេចក្តីថ្លែងការណ៍ក៏បានអះអាងផងដែរថា ការសម្រេចចិត្តកាត់បន្ថយប្រេង គឺ “សេដ្ឋកិច្ចសុទ្ធសាធ និងទទួលយកជាឯកច្ឆន្ទដោយ រដ្ឋសមាជិកទាំងអស់នៃក្រុម OPEC +” ។

នៅក្នុងសេចក្តីថ្លែងការណ៍ថ្មីមួយ កាលពីថ្ងៃព្រហស្បតិ៍ ដែលទទួលបានដោយអ្នកយកព័ត៌មាន CNN លោក Natasha Bertrand អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិ សម្រាប់ទំនាក់ទំនងជាយុទ្ធសាស្ត្រ លោក John Kirby បានសរសេរថា អារ៉ាប៊ីសាអូឌីត “អាចព្យាយាមបង្វិល ឬបង្វែរ ប៉ុន្តែការពិតគឺសាមញ្ញ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top