ព័ត៌មានអន្តរជាតិ

អង់គ្លេស នឹងបញ្ជូនមីស៊ីល​ ការពារដែនអាកាស ឱ្យអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារ ទ្រង់ទ្រាយធំរបស់រុស្ស៊ី

បរទេស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក Ben Wallace បាននិយាយថា ចក្រភពអង់គ្លេសនឹងផ្តល់ឱ្យអ៊ុយក្រែននូវមីស៊ីលរយៈចម្ងាយមធ្យម (AMRAAM) ដើម្បីជួយប្រទេសនេះ “ការពារដែនអាកាស របស់ខ្លួន” ។ ការប្រកាសនេះធ្វើឡើង បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំ របស់រុស្ស៊ីប្រឆាំងនឹងគោលដៅយោធានិងហេដ្ឋារចនាសម្ព័ន្ធ អ៊ុយក្រែននៅដើមសប្តាហ៍នេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Wallace បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា “ខ្ញុំបានអនុញ្ញាត ឱ្យផ្គត់ផ្គង់មីស៊ីល ប្រឆាំងយន្តហោះ AMRAAM ដល់អ៊ុយក្រែន” ។ លោកបានបន្ថែមថា “អាវុធទាំងនេះនឹងជួយ អ៊ុយក្រែនការពារដែន អាកាសរបស់ខ្លួនពីការវាយប្រហារ និងពង្រឹងការការពារកាំជ្រួច រួមរបស់ពួកគេជាមួយនឹង NASAMS របស់សហរដ្ឋអាមេរិក” ។

យោងតាមសារព័ត៌មាន Sky News បានឱ្យដឹងថា មីស៊ីលជាច្រើនគ្រាប់ ត្រូវបានគេរំពឹងថា នឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។

សូមជម្រាបថា រដ្ឋាភិបាលទីក្រុងឡុងដ៍បានផ្តល់ជំនួយយោធាចំនួន ២,៣ ពាន់លានផោន (ប្រហែល ២,៥ ពាន់លានដុល្លារ) ដល់ទីក្រុងគៀវ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះជាមួយទីក្រុងម៉ូស្គូ កាលពីចុងខែកុម្ភៈ ប៉ុន្តែវាជាលើកទីមួយហើយ ដែលអង់គ្លេសនឹងផ្គត់ផ្គង់ អាវុធដ៏មានឥទ្ធិពលប្រភេទនេះ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top