បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃសុក្របានបញ្ជាឱ្យ បញ្ជូនអាវុធបន្ថែម ដែលមានតម្លៃ ៧២៥ លានដុល្លារទៅកាន់ប្រទេសអ៊ុយក្រែន ។ សេតវិមានមិនបានបញ្ជាក់ថា តើការចំណាយចុងក្រោយបង្អស់នឹងមានអ្វីនោះទេ គ្រាន់តែថាវានឹងក្លាយ ជាការចំណាយមួយទៀត នៃក្រសួងការពារជាតិ «អត្ថបទនិងសេវាកម្មការពារជាតិ»។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ទីរបញ្ចកោណបានបំភ្លឺនៅពេលក្រោយថា កញ្ចប់ជំនួយនឹងរួមបញ្ចូលបរិមាណមិនជាក់លាក់នៃ “គ្រាប់រំសេវបន្ថែមសម្រាប់ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ (HIMARS)” រាប់ពាន់គ្រាប់កាំភ្លើងធំ 155 មីលីម៉ែត្រ និង Humvees ច្រើនជាង 200 បន្ថែមទៀត។
កាលពីដើមសប្តាហ៍នេះ សហរដ្ឋអាមេរិកបានប្តេជ្ញាថា នឹងពន្លឿនការដឹកជញ្ជូនប្រព័ន្ធការពារដែនអាកាស ចំនួនពីរ ក្នុងចំណោមប្រព័ន្ធការពារ ដែនអាកាស NASAMS ចំនួនប្រាំបី ដែលខ្លួនបានសន្យាជាយូរមកហើយ ទៅកាន់ប្រទេសអ៊ុយក្រែន។ យ៉ាងណាមិញ កញ្ចប់ថ្មីនេះនឹងមិនរួមបញ្ចូល សមត្ថភាពប្រឆាំង ដែនអាកាសបន្ថែមទៀតទេ។
ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់អង្គការណាតូ បានសន្យាថា នឹងបង្កើនការការពារដែនអាកាសរបស់អ៊ុយក្រែន បន្ទាប់ពីការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់រុស្ស៊ីយ៉ាងធ្ងន់ធ្ងរទៅលើអ៊ុយក្រែនកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ។ ទីក្រុងមូស្គូបាននិយាយថា ពួកគេឆ្លើយតបទៅនឹង “កលល្បិចភេរវករ” ដែលប្រើប្រាស់ដោយទីក្រុងគៀវ ដែលរួមមានការប៉ុនប៉ងបំផ្លិចបំផ្លាញនៅរោងចក្រថាមពលនុយក្លេអ៊ែរ Kursk និងបំពង់បង្ហូរឧស្ម័ន TurkStream ក៏ដូចជាការទម្លាក់គ្រាប់បែកលើស្ពាន Crimean ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា