បរទេស៖ អ្នកនាំពាក្យសេតវិមាន បាននិយាយថា មន្ទីរបញ្ចកោណ និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក កំពុងស្វែងរកជម្រើសទាំងអស់ដើម្បីរក្សាសេវាកម្មផ្កាយរណប Starlink សម្រាប់អ៊ុយក្រែនបន្តទៀត បន្ទាប់ពីមហាសេដ្ឋីគឺលោក Elon Musk បាននិយាយថា លោកលែងមានឆន្ទៈ ក្នុងការផ្តល់ការទំនាក់ទំនង ផ្កាយរណបដោយឥតគិតថ្លៃ ដល់អ៊ុយក្រែនទៀតហើយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងអំឡុងពេល នៃសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ លោកស្រី Karine Jean-Pierre ត្រូវបានគេសួរថា តើរដ្ឋបាលលោក Biden បានពិចារណាលើសំណើរបស់លោក Musk សម្រាប់មន្ទីរបញ្ចកោណ ដើម្បីអនុវត្តវិក័យប័ត្រ ចំណាយសម្រាប់ការទំនាក់ទំនងតាមអ៊ីនធឺណិត តាមផ្កាយរណបនៅអ៊ុយក្រែនដែរឬទេ។
លោកស្រី Jean-Pierre បានឆ្លើយតបថា “មើលទៅ យើងយល់ពីសារៈសំខាន់ នៃសមត្ថភាពទាំងនេះ ដើម្បីធានាឱ្យមានទំនាក់ទំនងស្ថិរភាព សម្រាប់កងកម្លាំងអ៊ុយក្រែន ជាពិសេស”។
ផ្កាយរណប Starlink ដែលដំណើរការដោយក្រុមហ៊ុន SpaceX របស់លោក Musk បានក្លាយជាឧបករណ៍ទំនាក់ទំនងដ៏សំខាន់សម្រាប់កងកម្លាំងអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះជាមួយរុស្ស៊ី។
យោងតាមអ្នកនាំពាក្យ គឺមន្ទីរបញ្ចកោណកំពុង “ធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូដើម្បីពិនិត្យមើលជម្រើសទាំងអស់ អំពីរបៀបដែលល្អបំផុតដើម្បីគាំទ្រតម្រូវការទាំងនោះ ដែលកំណត់ដោយអ៊ុយក្រែនជាពិសេស”។ លោកស្រីបានបន្ថែមថា សំណួរបន្ថែមអំពីបញ្ហានេះគួរតែត្រូវបញ្ជូនទៅក្រសួងការពារជាតិ៕