នៅថ្ងៃទី ១៣ ខែតុលា លោកTokayev ប្រធានាធិបតីកាហ្សាក់ស្ថាន បានជួបពិភាក្សាជាមួយលោក Wang Qishan អនុប្រធានរដ្ឋចិននៅក្រុង Astana ។
ថ្លែងក្នុងកិច្ចជំនួប លោក Wang Qishan បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រធានរដ្ឋចិនលោក Xi Jinping និងប្រធានាធិបតីកាហ្សាក់ស្ថានលោក Tokaev ចំណងមិត្តភាពចិន-កាហ្សាក់ស្ថានមានភាពរឹងមាំរហូតមក ហើយទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងកាហ្សាក់ស្ថាន បានរក្សាការវិវឌ្ឍរីកចម្រើនខ្ពស់។ ប្រទេសចិនមានឆន្ទៈរួម ជាមួយកាហ្សាក់ស្ថានដើម្បីអនុវត្ត ឱ្យបានល្អនូវគំនិតឯកភាពរួម នៃប្រមុខរដ្ឋទាំងពីរ បន្តគាំទ្រយ៉ាងមុតមាំនូវ ផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក ចែករំលែកកាលានុវត្ត ភាពអភិវឌ្ឍន៍ជាមួយគ្នា និងការពារសន្តិសុខយុទ្ធសាស្ត្រនិងផលប្រយោជន៍អភិវឌ្ឍន៍រួម។
នៅថ្ងៃទី ១៣ ខែតុលា លោក Wang Qishan បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល លើកទី ៦ នៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ព្រមទាំងថ្លែងសុន្ទរកថា។ លោកបានថ្លែងថា សន្និសីទអន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្ត នៅអាស៊ីគួរតែពង្រឹងសាមគ្គីភាព និងកិច្ចសម្របសម្រួល ឆ្លើយតបបញ្ហាប្រឈមដោយសមរម្យ និងផ្តោតលើការកសាង សហគមន៍រួមវាសនារបស់អាស៊ី។
លោក Wang Qishan បានសង្កត់ធ្ងន់ថា ជានិច្ចកាល ប្រទេសចិន តែងតែមើលការអភិវឌ្ឍរបស់សន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្ត នៅអាស៊ីតាមមុំយុទ្ធសាស្ត្រ និងមុំរយៈពេលវែង ហើយនឹងដើរតួនាទីឱ្យបានល្អក្នុងការសម្របសម្រួលលើវិស័យពាក់ព័ន្ធ រៀបចំឱ្យបានល្អនូវសកម្មភាពផ្លាស់ប្តូរ ក្នុងវិស័យកសិកម្ម ការអភិវឌ្ឍបៃតង ហិរញ្ញវត្ថុ និងធនាគារគំនិតជាដើម ដើម្បីរួមជាមួយភាគីទាំងអស់ ជំរុញកិច្ចសហប្រតិបត្តិការនៃសន្និសីទអន្តរសកម្មភាពនិងវិធានការ កសាងទំនុកចិត្តនៅអាស៊ីឱ្យឈានដល់កម្រិតថ្មី៕