ព័ត៌មានអន្តរជាតិ

Update: ផ្ទុះអណ្តូងរ៉ែធ្យូងថ្ម សម្លាប់មនុស្សជាង ៤០នាក់នៅភាគខាងជើងតួកគី ខណៈអាជ្ញាធរប្តេជ្ញា ស៊ើបអង្កេត

តេអេរ៉ង់៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានឲ្យដឹងថា ចំនួនអ្នកស្លាប់ នៅក្នុងការផ្ទុះអណ្តូងរ៉ែធ្យូងថ្មក្រោមដីនៅភាគខាងជើងតួកគី បានកើនឡើងដល់ ៤១នាក់ នៅក្នុងខេត្ត Bartin ជាកន្លែងដែលការបំផ្ទុះបានកើតឡើងមួយថ្ងៃមុននេះ។

ការ​ផ្ទុះ​នេះ​បាន​កើត​ឡើង​នៅ​ជម្រៅ ៣០០ម៉ែត្រ​ពី​ដី​នៅ​ម៉ោង ៦ និង ១៥ នាទី​ល្ងាច។  មន្ត្រីរដ្ឋ និងមូលដ្ឋានបានឲ្យដឹងថា នៅថ្ងៃសុក្រម្សិលមិញនេះនៅឯសហគ្រាសធ្យូងថ្ម Amasra Hard Coal ដោយមានកម្មករចំនួន ១១០នាក់ ដែលក្នុងនោះ ៥៨នាក់ក្រោយមកបានចេញដោយខ្លួនឯង ហើយ ១១នាក់ផ្សេងទៀតបានរងរបួស និងបញ្ជូនទៅមន្ទីរពេទ្យ។

មកដល់កន្លែងកើតហេតុក្នុងទីក្រុង Amasra លោក Erdogan បានប្តេជ្ញាថានឹង “ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព” ដើម្បីបញ្ចប់ប្រវត្តិសាស្រ្តនៃគ្រោះថ្នាក់ការជីកយករ៉ែខាងលើនេះ។

លោកបានប្រាប់អ្នកសារព័ត៌មានថា អាជ្ញាធររដ្ឋបាល និងតុលាការនឹងស៊ើបអង្កេតឧបទ្ទវហេតុនេះ ដើម្បីបង្ហាញឱ្យឃើញពីអ្វីដែលបណ្តាលឱ្យមានការផ្ទុះ ហើយប្រសិនបើមាននរណាម្នាក់ ទទួលខុសត្រូវចំពោះហេតុការណ៍នេះ។

រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានធម្មជាតិ លោក Fatih Donmez បានលើកឡើងថា ការរកឃើញបឋមបានបង្ហាញថា ការផ្ទុះនេះទំនងជាបង្កឡើងដោយភ្លើងឆេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៤ មនុស្សរហូតដល់ ៣០១នាក់បានស្លាប់ នៅក្នុងគ្រោះមហន្តរាយអណ្តូងរ៉ែដ៏អាក្រក់បំផុតរបស់ប្រទេសតួកគី នៅក្នុងអគ្គីភ័យនៅក្នុងអណ្តូងរ៉ែធ្យូងថ្មនៅក្នុងទីក្រុង Soma នៃខេត្ត Manisa ភាគខាងលិចប្រទេស៕ ប្រែសម្រួល ឈូក បូរ៉ា

To Top