ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ព្រមានកំទេច ក្រុមភេរវករប្រដាប់អាវុធ នៅអ៊ីរ៉ាក់ បើហ៊ានបង្កអសន្ដិសុខដល់អ៊ីរ៉ង់

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានឲ្យដឹងថា ក្រុងតេអេរ៉ង់នឹងមិនអត់ធ្មត់ ចំពោះវត្តមានបន្តនៃ “ភេរវករប្រដាប់អាវុធ” នៅក្នុងតំបន់ Kurdistan របស់ប្រទេសអ៊ីរ៉ាក់ ក៏ដូចជាសកម្មភាព និងចលនារបស់ពួកគេប្រឆាំង នឹងសន្តិសុខរបស់អ៊ីរ៉ង់នោះទេ។

ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា លោក Amir-Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំជាមួយប្រធានក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ាក់ Qasim al-Araji នៅទីក្រុងតេអេរ៉ង់ ។

ដោយសង្កត់ធ្ងន់លើភាពចាំបាច់ នៃការពង្រីកទំនាក់ទំនង ដែលកំពុងរីកចម្រើនរួចទៅហើយ រវាងទីក្រុងតេអេរ៉ង់ និងបាកដាដ លើគ្រប់វិស័យ លោក Amir-Abdollahian បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ របស់ភាគីទាំងពីរក្នុងវិស័យសន្តិសុខ និងប្រឈមមុខនឹង “ភេរវករប្រដាប់អាវុធ” នៅក្នុងតំបន់ Kurdistan ។

លោក Qasim al-Araji បានលើកឡើងថា រដ្ឋាភិបាលអ៊ីរ៉ាក់ នឹងចាត់វិធានការ ដើម្បីបញ្ឈប់សកម្មភាពណាមួយ ដែលមានបំណងធ្វើឱ្យប៉ះពាល់ ដល់សន្តិសុខរបស់អ៊ីរ៉ង់។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ព្រំដែនភាគខាងលិច និងភាគពាយ័ព្យរបស់អ៊ីរ៉ង់ ជាមួយអ៊ីរ៉ាក់ គឺជាកន្លែងនៃការប៉ះទង្គិចគ្នា រវាងកងកម្លាំងសន្តិសុខអ៊ីរ៉ង់ និងយុទ្ធជនឃឺដ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top