ព័ត៌មានអន្តរជាតិ

មេដឹកនាំរដ្ឋប្រហារប៊ូគីណាហ្វាសូ ត្រូវបានតែងតាំង ជាប្រធានាធិបតីអន្តរកាល

ហៃរៀ៖ លោក Ibrahim Traore ដែលបានដឹកនាំរដ្ឋប្រហារផ្តួលរំលំវរសេនីយ៍ទោ Paul-Henri Sandaogo Damiba កាលពីថ្ងៃទី៣០ ខែកញ្ញា ត្រូវបានតែងតាំងជាផ្លូវការ ឱ្យដឹកនាំសម័យអន្តរកាល នៃប្រទេសប៊ូគីណាហ្វាសូ នេះបើយោងតាមកិច្ចព្រមព្រៀងដែលសម្រេចបាន ដោយសភាជាតិកាលពីល្ងាចថ្ងៃសុក្រ នៅទីក្រុង Ouagadougou ។ 

លោក Traore កាលពីថ្ងៃសុក្រ បានចុះហត្ថលេខាលើធម្មនុញ្ញអន្តរកាលថ្មីមួយ និងសកម្មភាពនៃការបញ្ជាក់ពីការតែងតាំងរបស់គាត់ ជាប្រធានាធិបតីនៃប្រទេសប៊ូគីណាហ្វាសូ និងជាប្រមុខកំពូល នៃកងកម្លាំងប្រដាប់អាវុធ។

ប្រតិភូជាង ៣០០នាក់នៃផ្នែកផ្សេងៗ នៃសង្គមបានធ្វើវិសោធនកម្ម និងផ្តល់សុពលភាពនូវធម្មនុញ្ញ ២៧មាត្រា ដែលគួរតែណែនាំការផ្លាស់ប្តូរប្រទេស សម្រាប់រយៈពេល ២១ខែ។

យោងតាមធម្មនុញ្ញអន្តរកាល រដ្ឋាភិបាលអន្តរកាល នឹងមាននាយករដ្ឋមន្ត្រីមួយរូប និងរដ្ឋមន្ត្រីអតិបរមា ២៥រូប ខណៈសភានីតិបញ្ញត្តិអន្តរកាល នឹងមានសមាជិក ៧១រូប។

រដ្ឋប្រហារដែលដឹកនាំដោយលោក Traore គឺជាលើកទីពីរក្នុងឆ្នាំនេះនៅក្នុងប្រទេសចាប់តាំងពីអតីតប្រធានាធិបតីលោក Roch Marc Christian Kabore ត្រូវបានផ្ដួលរំលំ កាលពីថ្ងៃទី២៤ ខែមករា៕ ប្រែសម្រួល ឈូក បូរ៉ា

To Top