អង់ការ៉ា៖ ទីភ្នាក់ងាររដ្ឋ Anadolu បានរាយការណ៍ថា តួកគី និងកាតាបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងថ្មីចំនួន ១១ ក្នុងអំឡុងពេលកិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការយុទ្ធសាស្រ្តកំពូល របស់ប្រទេសទាំងពីរ នៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃសុក្រ។
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងការបំពេញដំណើរទស្សនកិច្ច ដោយសមភាគីកាតា Emir Sheikh Tamim bin Hamad Al Thani ធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ ដែលជាកន្លែងដែលមន្ត្រីជាន់ខ្ពស់ បានពិភាក្សាលើបញ្ហាផ្សេងៗ។
យោងតាមរបាយការណ៍បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះគ្របដណ្តប់លើផ្នែកនៃការប្រើប្រាស់រួមគ្នា នៃហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនង សន្តិសុខស្បៀង កម្មសិទ្ធិបញ្ញា ការគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្ន ក៏ដូចជាការផ្លាស់ប្តូរវប្បធម៌។
តួកគី បានសម្ដែងភាពរីករាយនឹងមិត្តភាព ប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅជាមួយកាតា។ ភាពជាដៃគូរបស់ប្រទេសទាំងពីរក៏បានពង្រឹងផងដែរ ចាប់តាំងពីគណៈកម្មាធិការយុទ្ធសាស្ត្រកំពូលត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០១៤ ក្នុងអំឡុងពេលនោះមានកិច្ចព្រមព្រៀងទ្វេភាគីជាង ៨០ ត្រូវបានចុះហត្ថលេខា ហើយកិច្ចប្រជុំកម្រិតខ្ពស់ ត្រូវបានធ្វើឡើងជាញឹកញាប់៕ ប្រែសម្រួល ឈូក បូរ៉ា