បឺលីន៖ ទីភ្នាក់ងារបណ្តាញសហព័ន្ធ (BNetzA) បានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ បានឈានដល់គោលដៅរបស់ខ្លួន ក្នុងការបំពេញស្ដុកឧស្ម័ របស់ប្រទេសដល់ទៅ ៩៥ភាគរយច្រើនជាងពីរសប្តាហ៍មុនកការកំណត់។
អ្នកនាំពាក្យរបស់ BNetzA បានប្រាប់កសែតស៊ិនហួឲ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយ នេះ មិនគ្រប់គ្រាន់នោះទេ។ ជាការឆ្លើយតបទៅនឹងការរំខាន ការផ្គត់ផ្គង់ឧស្ម័នពីប្រទេសរុស្ស៊ី រដ្ឋាភិបាលអាល្លឺម៉ង់ បានសាងសង់ស្ថានីយសម្រាប់ឧស្ម័នធម្មជាតិរាវ (LNG) យ៉ាងឆាប់រហ័ស និងបានណែនាំវិធានការសន្សំសំចៃថាមពល។
អ្នកនាំពាក្យទីភ្នាក់ងារបណ្តាញបានឲ្យដឹងថា ដើម្បីជៀសវាងការសង្គ្រោះបន្ទាន់ផ្នែកឧស្ម័នក្នុងរដូវរងារ ផែនការនាំចូលឧស្ម័ន ត្រូវតែសម្រេចបានយ៉ាងឆាប់រហ័ស ហើយការផ្គត់ផ្គង់នៅក្នុងប្រទេសជិតខាងរបស់អាល្លឺម៉ង់ ត្រូវតែ “រក្សាស្ថិរភាព” អ្នកប្រើប្រាស់អាល្លឺម៉ង់ ក៏ត្រូវតែកាត់បន្ថយការប្រើប្រាស់ឧស្ម័នរបស់ពួកគេផងដែរ “យ៉ាងហោចណាស់ ២០ភាគរយ”។
លោក Robert Habeck រដ្ឋមន្ត្រីក្រសួងកិច្ចការសេដ្ឋកិច្ចអាល្លឺម៉ង់ បានឲ្យដឹងថា “ឧស្ម័ន គឺជាធនធានដ៏កម្រមួយ ហើយវាមានសារៈសំខាន់ណាស់ ក្នុងការប្រើប្រាស់វាដោយប្រុងប្រយ័ត្ន” “អរគុណចំពោះការប្រុងប្រយ័ត្នល្អ កន្លែងស្តុកឧស្ម័នត្រូវបានស្តុកទុកយ៉ាងល្អ ហើយការផ្គត់ផ្គង់ឧស្ម័នពីប្រទេសជិតខាងត្រូវបានកើនឡើង”។
យោងតាម BNetzA បានឱ្យដឹងថា ប្រទេសបារាំង ទើបតែចាប់ផ្តើមផ្គត់ផ្គង់ប្រទេសអាល្លឺម៉ង់ នូវឧស្ម័នរហូតដល់ ១០០ជីហ្គាវ៉ាត់ម៉ោងក្នុងមួយថ្ងៃ។ សេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប ពឹងផ្អែកខ្លាំងលើការផ្គត់ផ្គង់ឧស្ម័នពីប្រទេសផ្សេងៗ។ យោងតាមការិយាល័យស្ថិតិសហព័ន្ធ (Destatis) បានឱ្យដឹងថា កាលពីឆ្នាំមុន ៩៥ ភាគរយនៃឧស្ម័នធម្មជាតិ ប្រើប្រាស់នៅក្នុងប្រទេសអាល្លឺម៉ង់ត្រូវបាននាំចូល៕ ប្រែសម្រួល ឈូក បូរ៉ា