ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ចេញសេចក្តីប្រកាសព្រមានលោក Biden ប្រធានាធិបតីអាមេរិក

បរទេស៖ អ្នកនាំពាក្យរបស់ ក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani កាលពីថ្ងៃអាទិត្យម្សិលមិញនេះថា បានចេញ
លិខិតមួយដោយព្រមានចំៗ ទៅអាមេរិកថារដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន នឹងបរាជ័យនូវគ្រប់ផែនការញុះញង់ ​ឱ្យ​មាន​ភាព​ចលាចល និង​ជ្រៀតជ្រែកនៅក្នុងប្រទេសអ៊ីរ៉ង់។

ការប្រកាសព្រមាននេះគឺជា ការឆ្លើយតបខ្លាំងទៅកាន់ លោកប្រធានាធិបតីអាមេរិកលោក Joe Biden ក្រោយមេដឹកនាំរូបនេះបានអំពាវនាវ កាលពីពេលថ្មិៗនេះថា ឲ្យមានការគាំទ្រគ្រប់រូបភាព ពីសំណាក់អ្នកប្រឆាំងទៅនឹង រដ្ឋាភិបាលតេហរ៉ង់ កាន់តែច្រើនឡើងពីជុំវិញប្រទេស។

គួរឲ្យដឹងដែរមកដល់ពេលនេះ ក្រុមតវ៉ាប្រឆាំងរាប់ពាន់នាក់ បានប៉ះទង្គិចគ្នាជាមួយនឹងក្រុមប៉ូលីស របស់អ៊ីរ៉ង់នៅក្រោយហេតុការណ៍ ស្លាប់ស្ត្រីវ័យ២២ឆ្នាំ មានឈ្មោះថា Mahsa Amini នៅក្នុងមន្ទីរឃុំឃាំងមួយកន្លែង ដែលនាងត្រូវបានគេចាប់ខ្លួន ដោយសារតែមិនបានពាក់របាំង មុខឲ្យបានត្រឹមត្រូវ។

ទោះបីជាយ៉ាងណាក្តីក្រោយ ការអំពាវនាវរបស់លោក Biden រដ្ឋាភិបាលក្រុងតេហរ៉ង់ បានធ្វើការព្រមានថា រាល់ការប៉ុនប៉ងនានាដើម្បីបង្កើតឥទ្ធិពល ក្នុងប្រទេសពីសំណាក់ជនក្រៅប្រទេស និងរដ្ឋាភិបាលបរទេសនឹងត្រូវ ប្រឈមមុខទៅនឹងបរាជ័យទាំងអស់ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top