ព័ត៌មានអន្តរជាតិ

រុស្ស៊ី​បញ្ជូន​កងទ័ព ៩០០០​នាក់​ ទៅ​ប្រទេស​បេឡារុស្ស ដោយ​បង្កើន​ការ​ភ័យ​ខ្លាច នៅចំពោះ​មុខ​សង្រ្គាម​ថ្មីមួយទៀត

ម៉ូស្គូ៖ ក្រសួងការពារជាតិបេឡារុស្ស បានឲ្យដឹងថា ទាហានរុស្ស៊ីជិត ៩០០០នាក់ នឹងត្រូវឈរជើងនៅក្នុងប្រទេសនេះ ជាផ្នែកមួយនៃក្រុមកងកម្លាំងក្នុងតំបន់ ដើម្បីការពារព្រំដែនរបស់ខ្លួន។

លោក Valeriy Revenko ប្រធាននាយកដ្ឋានសហប្រតិបត្តិការ យោធាអន្តរជាតិរបស់ ក្រសួងបានសរសេរនៅលើ Twitter ថា “រថភ្លើងកងទ័ពដំបូងជាមួយទាហានរុស្ស៊ី ដែលជាផ្នែកមួយនៃ កងកម្លាំង បានចាប់ផ្តើមមកដល់ប្រទេសបេឡារុស្ស” ។

នៅក្នុងនោះដែរ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏សន្យាថានឹងផ្គត់ផ្គង់ បេឡារុស្ស នូវកាំជ្រួចដែលមាន សមត្ថភាពនុយក្លេអ៊ែរ។ លោក​បាន​បន្ត​ថា ព័ត៌មាន​បន្ថែម​នឹង​ត្រូវ​បាន​ផ្តល់​ជូន​ នៅ​ក្នុង​សន្និសីទ​សង្ខេប​មួយ​សម្រាប់​អនុព័ន្ធ​យោធា។

ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានឲ្យដឹងកាលពីសប្តាហ៍មុនថា កងទ័ពរបស់លោក នឹងត្រូវបានបង្ហោះជាមួយទាហានរុស្ស៊ី នៅជិតព្រំដែនអ៊ុយក្រែន បន្ទាប់ពីអ្វីដែលលោកបានលើកឡើងថា ជាការគំរាមកំហែងពីអ៊ុយក្រែន និងលោកខាងលិច។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី ​វីដេអូ​ដែល​ក្រសួង​បាន​ចែក​រំលែក​ កាល​ពី​យប់​ថ្ងៃ​សៅរ៍​នៃ​អ្វី​ដែល​ខ្លួន​ បាន​ឲ្យដឹងថា​ជា​ទាហាន​រុស្ស៊ី​បាន​មក​ដល់​ប្រទេស​បេឡារុស។ ហើយក៏មានរូបភាព​ពី​ក្រសួង​ បាន​បង្ហាញ​ទាហាន​ទទួល​ស្វាគមន៍ ​ដោយ​ស្ត្រី​ស្លៀក​សំលៀកបំពាក់​ប្រពៃណី និង​ចែក​នំប៉័ង និង​អំបិល ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top