សមាជបក្សកុម្មុយនីស្តចិន លើកទី២០ បានបើកធ្វើនៅវិមានសភាប្រជាជន ក្រុងប៉េកាំងនៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី១៦ ខែតុលា ។ ប្រព័ន្ធសារព័ត៌មានពិភពលោក បានផ្តោតការយកចិត្តទុកដាក់ លើសមាជបក្សកុម្មុយនីស្តចិន លើកទី២០ ដោយបានលើកឡើងថា សមាជលើកនេះនឹងមានឥទ្ធិពល យ៉ាងជ្រាលជ្រៅ និងវែងឆ្ងាយចំពោះពិភពលោក។
ថ្ងៃទី១៦ ខែតុលា កាសែត Asahi Shinbun ជប៉ុនបានចុះផ្សាយបទអត្ថាធិប្បាយថា ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅនេះ ប្រទេសចិនបានដើរទៅរក ភាពរុងរឿងថ្កុំថ្កើងជាសន្សឹមៗ ព្រមទាំងទទួលបានវឌ្ឍនភាព យ៉ាងខ្លាំងដោយចាត់ទុកការ កសាងប្រទេសសង្គមនិយម ទំនើបដ៏ខ្លាំងក្លាជាគោលដៅ ពិភពលោកទាំងមូលសុទ្ធតែ ផ្តោតការយកចិត្តទុកដាក់ថា តើបក្សកុម្មុយនីស្តចិន នឹងដឹកនាំប្រជាជនចិនសម្រេចបាន នូវភាពសម្បូរសប្បាយ ជាមួយគ្នាយ៉ាងដូចម្តេច?
កាសែត Pakistan Today បានផ្សាយដំណឹងថា ពិភពលោកទាំងមូលនឹងរកបានក្តីសង្ឃឹម ពីសមាជបក្សកុម្មុយនីស្តចិន លើកទី២០ ពីព្រោះ ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ នៅពេលអនាគតរបស់ប្រទេសចិន នឹងបន្សល់ទុកនូវស្លាកស្នាមដ៏យូរអង្វែង ក្នុងរចនាសម្ព័ន្ធភូមិសាស្រ្តនយោបាយ ភូមិសាស្រ្តសេដ្ឋកិច្ចនិងភូមិសាស្រ្ត យុទ្ធសាស្រ្តពិភពលោក។
កាសែត The Daily Telegraph នៃប្រទេសអូស្រ្តាលីបានអះអាងថា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ ប្រទេសចិនទទួលបានការរីកចម្រើន យ៉ាងលេចធ្លោលើវិស័យ កាត់បន្ថយភាពក្រីក្រ អវកាសនិងការឆ្លើយតប នឹងបម្រែបម្រួលអាកាសធាតុ។
ប្រព័ន្ធសារព័ត៌មាន Sputnik រុស្ស៊ីបានចេញផ្សាយអត្ថបទថា ក្នុងរយៈពេល ១០ឆ្នាំកន្លងទៅនេះ ទំហំសរុបនៃសេដ្ឋកិច្ចចិនបន្តកើនឡើង ព្រមទាំងបានកែលម្អសុខសុភមង្គល របស់ប្រជាជនចិន។ ពេលបច្ចុប្បន្ននេះ ប្រទេសចិនស្ថិតក្នុងចំណាត់ថ្នាក់ នាំមុខលើវិស័យភាពវៃឆ្លាត សិប្បនិមិត្តនិងសេដ្ឋកិច្ចឌីជីថលជាដើម។ សមាជបក្សកុម្មុយនីស្តចិន លើកទី២០ មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់ប្រទេសចិនប៉ុណ្ណោះទេ និយាយចំពោះពិភពលោកទាំងមូល ក៏ជាព្រឹត្តិការណ៍ដ៏សំខាន់ដែរ ៕