ព័ត៌មានអន្តរជាតិ

ប្រទេសអឺរ៉ុប​ ខាងកើត ភាគច្រើន នឹងមានផលវិបាក ផ្នែកសេដ្ឋកិច្ច នៅចុងឆ្នាំក្រោយ ដោយសារការលុកលុយ របស់រុស្ស៊ី ទៅលើអ៊ុយក្រែន

បរទេស ៖ ការបន្តការលុកលុយរបស់រុស្សី ទៅលើអ៊ុយក្រែន អាចមានផលវិបាកផ្នែកសេដ្ឋកិច្ច សម្រាប់ប្រទេសភាគច្រើន នៃអឺរ៉ុបខាងកើត នៅចុងឆ្នាំក្រោយ នេះបើយោងតាមធនាគារ ពិភពលោក ។

ធនាគារពិភពលោក គឺជាអង្គភាពហិរញ្ញវត្ថុអន្តរជាតិ ដែលផ្តល់សេវាកម្មធនាគារ រួមទាំងប្រាក់កម្ចី ដល់ប្រទេសក្រីក្រ និងចំណូលមធ្យម។ ថ្លែងកាលពីថ្ងៃសៅរ៍ លោក Arup Banerji នាយកប្រទេសប្រចាំតំបន់ របស់ស្ថាប័ន សម្រាប់អឺរ៉ុបខាងកើត បានលើកឡើងថា រលកនៃការវាយប្រហារ នាពេលថ្មីៗនេះរបស់រុស្ស៊ី លើហេដ្ឋា រចនាសម្ព័ន្ធ ថាមពលស៊ីវិល អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ទស្សនវិស័យ សេដ្ឋកិច្ចរបស់អ៊ុយក្រែន ។

លោក Banerji បានប្រាប់រ៉យទ័រ ក្នុងបទសម្ភាសន៍មួយថា “ប្រសិនបើរឿងនេះនៅតែបន្ត ទស្សនវិស័យនឹងកាន់តែពិបាក ខណៈដែលរដូវរងាពិតជាចាប់ផ្តើម ផលអាក្រក់ប្រាកដណាស់ត្រឹមខែធ្នូ ឬខែមករា ហើយ ប្រសិនបើផ្ទះមិនត្រូវបានជួសជុល វាអាចនឹងមានរលកនៃការធ្វើចំណាក ស្រុកមួយផ្សេងទៀត នៃអ្នកផ្លាស់ទីលំនៅខាងក្នុង”។

លោក Banerji បានប៉ាន់ប្រមាណថា ប្រហែល ២៥ភាគរយ នៃប្រជាជនអ៊ុយក្រែន នឹងរស់នៅក្នុងភាពក្រីក្រនៅចុងឆ្នាំនេះ ដែលជាការកើនឡើង យ៉ាងខ្លាំងពីអត្រា ២ភាគរយ ដែលត្រូវបានប៉ាន់ប្រមាណ មុនពេលការលុកលុយក្នុងខែកុម្ភៈ។

ការប៉ាន់ប្រមាណកាន់តែអាក្រក់ទៅៗពេញមួយឆ្នាំក្រោយ ប៉ុន្តែដោយលោក Banerji បានលើកឡើងថា ចំនួននេះអាចកើនឡើងដល់ ៥៥ភាគរយនៅចុងឆ្នាំ២០២៣ ប្រសិនបើការឈ្លានពាន នៅតែបន្តក្នុងល្បឿនដូចបច្ចុប្បន្ននេះ៕

To Top