ព័ត៌មានអន្តរជាតិ

អាមេរិក ព្រមាន​ពី​ការ​ពង្រឹង​ សម្ព័ន្ធភាព ​រវាង​អ៊ីរ៉ង់និង​រុស្ស៊ី នៅ​អ៊ុយក្រែន

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានព្រមានពីសម្ព័ន្ធភាព កាន់តែស៊ីជម្រៅ រវាងរុស្ស៊ីនិងអ៊ីរ៉ង់ ក្នុងសង្គ្រាមនៅអ៊ុយក្រែន ហើយបានឲ្យដឹងថា ខ្លួននឹងដាក់ទណ្ឌកម្មនរណាម្នាក់ ដែលជួយដឹកជញ្ជូន យន្ដហោះដ្រូន របស់ទីក្រុងតេអេរ៉ង់ ទៅកាន់ទីក្រុងម៉ូស្គូ។

កងកម្លាំងរុស្ស៊ីបានវាយប្រហារទីក្រុងគៀវ កាលពីថ្ងៃចន្ទ ដោយប្រើអ្វីដែលអ្នកសង្កេតការណ៍ឲ្យដឹងថា ជាយន្តហោះដ្រូនធុន kamikaze ផលិតដោយអ៊ីរ៉ង់ ដែលត្រូវបានរចនាឡើង ដើម្បីបំផ្លិចបំផ្លាញរដ្ឋធានីអ៊ុយក្រែន។

លោក Vedant Patel អ្នកនាំពាក្យរងនៅក្រសួងការបរទេសបានឲ្យដឹងថា រុស្ស៊ី និងអ៊ីរ៉ង់ ដែលធ្វើការរួមគ្នានៅអ៊ុយក្រែន បង្កការគំរាមកំហែងយ៉ាងជ្រាលជ្រៅ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

នៅថ្ងៃចន្ទម្សិលមិញនេះ ក្រុងគៀវ​ របស់ប្រទេសអ៊ុយក្រែន ត្រូវបាន​រញ្ជួយ​ដោយ​ការ​ផ្ទុះ​ជា​ច្រើន​ បន្ទាប់​ពី​លោក​ពូទីន បន្ទោស​អ៊ុយក្រែន​ ចំពោះ​ការ​វាយ​ប្រហារ​ស្ពាន តភ្ជាប់ពីប្រទេសរុស្ស៊ី ទៅកាន់ឧបទ្វីបគ្រីមៀ។

លោកបានលើកឡើងថា “រុស្ស៊ីធ្វើឱ្យសម្ព័ន្ធភាពកាន់តែស៊ីជម្រៅជាមួយអ៊ីរ៉ង់ គឺជាអ្វីដែលពិភពលោកទាំងមូល គួរតែមើលឃើញ ជាការគំរាមកំហែង យ៉ាងជ្រាលជ្រៅ និងជាអ្វីមួយដែលប្រទេសណាមួយ គួរតែយកចិត្តទុកដាក់ យ៉ាងខ្លាំង” ។

លោក Patel បានបន្ដថា មានភ័ស្តុតាងយ៉ាងទូលំទូលាយ ដែលថារុស្ស៊ី កំពុងប្រើប្រាស់យន្តហោះដ្រូនរបស់អ៊ីរ៉ង់ ប្រឆាំងនឹងគោលដៅទាំងយោធា និងជនស៊ីវិល នៅក្នុងអ៊ុយក្រែន។

លោក​បាន​ព្រមាន​ក្រុមហ៊ុន និង​បុគ្គល​នានា​ ប្រឆាំង​នឹង​ការ​រួមចំណែក​ ដ៏មាន​សក្ដានុពល​ដល់​កិច្ចប្រឹងប្រែង​ របស់​អ៊ីរ៉ង់​ក្នុង​ការ​ផ្គត់ផ្គង់​ រុស្ស៊ី​ នូវ​កាំជ្រួច​និង​យន្តហោះ​ដ្រូន (UAVs)។

លោក Patel បានបន្ថែមថា “អ្នកណាក៏ដោយដែលធ្វើជំនួញជាមួយអ៊ីរ៉ង់ ដែលអាចមានទំនាក់ទំនង ជាមួយយន្ដហោះដ្រូន UAVs ឬការអភិវឌ្ឍន៍មីស៊ីលផ្លោង ឬលំហូរនៃអាវុធពីអ៊ីរ៉ង់ ទៅកាន់ប្រទេសរុស្ស៊ី គួរតែប្រុងប្រយ័ត្ន និងធ្វើដោយយកចិត្តទុកដាក់”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top