ព័ត៌មានអន្តរជាតិ

មហាសេដ្ឋី Elon Musk អះអាងថា រុស្ស៊ី នឹងប្រើនុយក្លេអ៊ែរ ដើម្បីការពារតំបន់គ្រីមៀ

បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX និង Tesla លោក Elon Musk បានអះអាងកាលពីថ្ងៃចន្ទថា រុស្ស៊ីចាត់ទុកតំបន់គ្រីមៀជាផ្នែកសំខាន់មួយនៃទឹកដីរបស់ខ្លួន ហើយថាការប៉ុនប៉ងរបស់អ៊ុយក្រែន ឬលោកខាងលិចដើម្បីដណ្តើមយកឧបទ្វីបនេះអាចបញ្ចប់ដោយសង្គ្រាមនុយក្លេអ៊ែរ។ ខណៈពេលដែលលោក Musk ធ្លាប់បានដើរថយក្រោយលើការទាញការគាំទ្រផ្នែកបច្ចេកវិទ្យារបស់លោកសម្រាប់អ៊ុយក្រែន លោកបានទទូចដោយបានបង្កើតនូវភាពចម្រូងចម្រាសមួយថា តំបន់ គ្រីមៀ គឺជាប្រទេសរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Musk បានសរសេរនៅលើ Twitter ថា “ប្រសិនបើរុស្ស៊ីប្រឈមមុខនឹងជម្រើសនៃការបាត់បង់តំបន់គ្រីមៀ ឬប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងសមរភូមិ ពួកគេនឹងជ្រើសរើសជម្រើសចុងក្រោយ” ។ «យើងបានដាក់ទណ្ឌកម្មរួចរាល់ហើយ កាត់រុស្ស៊ីរួចហើយតាមគ្រប់វិធីដែលអាចធ្វើទៅបាន ដូច្នេះតើពួកគេនៅសល់អ្វីទៀតដែលត្រូវបាត់បង់? លោកបានសួរបែបនេះ ជាការឆ្លើយតបទៅនឹងអ្នកអត្ថាធិប្បាយដែលសួរលោកថា តើលោកគិតថាជម្លោះអ៊ុយក្រែនអាចឈានដល់សង្គ្រាមនុយក្លេអ៊ែរឬអត់។

ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បាននិយាយម្តងហើយម្តងទៀតថា លោកមានបំណងគ្រប់គ្រងតំបន់គ្រីមៀ រួមជាមួយនឹងអតីតតំបន់ចំនួនបួននៃអ៊ុយក្រែន ដែលថ្មីៗនេះបានបោះឆ្នោតឱ្យចូលរួមជាមួយសហព័ន្ធរុស្ស៊ី។ នៅតំបន់គ្រីមៀ គឺបានបោះឆ្នោតយ៉ាងលើសលប់ដើម្បីចូលរួមជាមួយរុស្ស៊ីក្នុងឆ្នាំ 2014 ដូច្នេះហើយស្ថិតនៅក្រោមការការពារពីឃ្លាំងអាវុធនុយក្លេអ៊ែររបស់ទីក្រុងម៉ូស្គូ។

ដូចដែលប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយ គោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ី អនុញ្ញាតឱ្យរដ្ឋការពារខ្លួនដោយ “គ្រប់មធ្យោបាយដែលមាន” ប្រសិនបើអត្ថិភាពរបស់វាត្រូវបានគំរាមកំហែង៕

ប្រែសម្រួលៈ ណៃ តុលា

To Top