ព្រុចសែល៖ គណៈកម្មាការអឺរ៉ុប បានស្នើរកញ្ចប់វិធានការថ្មី សំដៅដល់ការកែលម្អស្ថិរភាព នៅក្នុងទីផ្សារឧស្ម័នអឺរ៉ុប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
បង្ហាញដោយ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និងគណៈកម្មាការអឺរ៉ុបផ្សេងទៀត កាលពីថ្ងៃអង្គារនៅទីក្រុង Strasbourg ប្រទេសបារាំង វិធានការរួមមានការទិញឧស្ម័នរួមគ្នា ការបង្កើតតម្លៃស្តង់ដារនៃឧស្ម័នធម្មជាតិរាវ (LNG) និងសាមគ្គីភាពថាមពល លំនាំដើមរវាងរដ្ឋសមាជិកនៃអឺរ៉ុប និងសហភាពអឺរ៉ុប។
នៅក្នុងនោះដែរលោកស្រី Von der Leyen ក៏បានសង្កត់ធ្ងន់លើតម្រូវការក្នុងការ បន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីសន្សំឧស្ម័ន និងវិនិយោគលើ ថាមពលកកើតឡើងវិញ។
លោកស្រី Margrethe Vestager អនុប្រធានប្រតិបត្តិនៃគណៈកម្មាធិការអឺរ៉ុប បានលើកឡើងថា “នៅក្នុងបរិបទនៃវិបត្តិឧស្ម័ននាពេលបច្ចុប្បន្ននេះ យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីអមដំណើរក្រុមហ៊ុន ដែលមានឆន្ទៈក្នុងការចូលទៅក្នុងសម្ព័ន្ធការទិញរួមគ្នា ដោយស្ថិតនៅក្រោមការការពារ និងស្របតាមច្បាប់ប្រកួតប្រជែងរបស់យើង”។
គោលដៅនៃការទិញឧស្ម័នរួមគ្នា គឺដើម្បីកាត់បន្ថយការដេញថ្លៃ ដែលមិនមានការសម្របសម្រួល សម្រាប់ការផ្គត់ផ្គង់ឧស្ម័នរវាងរដ្ឋជាសមាជិក ដែលបណ្តាលឱ្យមានលទ្ធភាពទទួលបានឧស្ម័នកាន់តែត្រឹមត្រូវ និងអាចមានតម្លៃទាប។
ក្រុមហ៊ុន នឹងដាក់សំណើរបស់ពួកគេ សម្រាប់ឧស្ម័ននៅលើវេទិកាដេញថ្លៃមួយ ហើយសំណើទាំងនេះនឹងត្រូវបានប្រមូលផ្តុំ ហើយវេទិកានឹងស្វែងរកអ្នកផ្គត់ផ្គង់។ រដ្ឋជាសមាជិកសហភាពអឺរ៉ុបនឹងមានកាតព្វកិច្ច ដាក់បញ្ចូលយ៉ាងហោចណាស់ ១៥ ភាគរយនៃការបំពេញ ការផ្ទុករបស់ពួកគេ សម្រាប់រដូវកាលបំពេញបន្ទាប់។
គណៈកម្មការអឺរ៉ុប ក៏បានស្នើបង្កើតតារាងតម្លៃថ្មីសម្រាប់ LNG ដែលនឹងឆ្លុះបញ្ចាំងពីការពិត នៃទីផ្សារឧស្ម័នបច្ចុប្បន្នបានប្រសើរជាងសន្ទស្សន៍តម្លៃ Title Transfer Facility (TTF) ដែលមានស្រាប់៕
ប្រែសម្រួល ឈូក បូរ៉ា