ព័ត៌មានអន្តរជាតិ

តួកគី ឃុំខ្លួនមនុស្សជាង ៥៤០នាក់ ដោយសង្ស័យថា ជាពាក់ព័ន្ធនឹង រដ្ឋប្រហារបរាជ័យ កាលពីឆ្នាំ២០១៦

អង់ការ៉ា៖ រដ្ឋមន្ត្រីមួយរូបបានឲ្យដឹងថា ប៉ូលីសតួកគីបានឃុំខ្លួនមនុស្ស ៥៤៣នាក់កាលពីថ្ងៃអង្គារ នៅក្នុងប្រតិបត្តិការមួយនៅទូទាំង ៥៩ ខេត្តសម្រាប់ការសង្ស័យថា ពួកគេជាប់ពាក់ព័ន្ធទៅនឹងបណ្តាញដែលត្រូវបាន ចោទប្រកាន់ដោយរដ្ឋាភិបាលថា បានរៀបចំរដ្ឋប្រហារក្នុងឆ្នាំ២០១៦ ។

រដ្ឋមន្ត្រីមហាផ្ទៃតួកគីលោក Suleyman Soylu បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស៊ើបអង្កេតរយៈពេល ៨ខែនេះ មានគោលបំណង ដើម្បីបកស្រាយរចនាសម្ព័ន្ធ ដំណើរការជ្រើសរើសបុគ្គលិកថ្មី និងធនធានហិរញ្ញវត្ថុនៃចលនា Gulen ដែលរដ្ឋាភិបាលតួកគីចោទប្រកាន់ថា បានជ្រៀតចូលទៅក្នុងការិយាធិបតេយ្យរដ្ឋ និងការប៉ុនប៉ងធ្វើរដ្ឋប្រហារ។

លោក Soylu បានលើកឡើងថា រហូតមកដល់ពេលនេះមនុស្ស ៥៤៣នាក់ ក្នុងចំណោម ៧០៤ ដែលព្រះរាជអាជ្ញាតាមចាប់ខ្លួន ត្រូវបានឃុំខ្លួនដោយបន្ថែមថា ១៧ នាក់ក្នុងចំណោមអ្នក ដែលត្រូវបានឃុំខ្លួន កំពុងធ្វើការក្នុងវិស័យសាធារណៈ។

ប្រតិបត្តិការនេះបានធ្វើឡើង បន្ទាប់ពីព័ត៌មានបានបង្ហាញថា សមាជិកជាន់ខ្ពស់នៅបរទេសនៃចលនា Gulen បានណែនាំសមាជិកនៅខាងក្នុងប្រទេសតួកគី “ការពារការបែកបាក់ពីអង្គការ រៀបចំរចនាសម្ព័ន្ធអង្គភាពឯកជន និងសកម្មភាពហិរញ្ញវត្ថុ និងបន្តសកម្មភាពនៅក្នុងប្រទេស”។

លោក Soylu បានពន្យល់ថា សមាជិកនៃអង្គការបានផ្ទេរប្រាក់តាមទំនិញ អេធីអឹម និងការប្រជុំផ្ទាល់របស់ពួកគេ។ ចលនា Gulen ដែលភាគច្រើនដំណើរការ សាលារៀននៅទូទាំងពិភពលោក គឺជាសហគមន៍នៃមនុស្ស ដែលដាក់ឈ្មោះតាមគ្រូអធិប្បាយមូស្លីម Fethullah Gulen ដែលត្រូវបានចាត់ទុកដោយអ្នកដើរតាមថា ជាអ្នកដឹកនាំខាងវិញ្ញាណ។

តួកគី បានចោទប្រកាន់ Gulen ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ពីបទធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៦ ដែលក្នុងនោះមនុស្សយ៉ាងហោចណាស់ ២៥០ នាក់ត្រូវបានសម្លាប់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top