ព័ត៌មានអន្តរជាតិ

ការប្រកួតបាល់ទាត់ពិភពលោក U-20 ឆ្នាំ២០២៣ នឹងធ្វើឡើងនៅឥណ្ឌូនេស៊ី បើទោះបីជាមានករណីរត់ជាន់គ្នា

ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ និងប្រធាន FIFA លោក Gianni Infantino បានបញ្ជាក់កាលពីថ្ងៃអង្គារថា ការប្រកួតបាល់ទាត់ពិភពលោក U-20 ឆ្នាំក្រោយនឹងត្រូវប្រកួត នៅប្រទេសឥណ្ឌូនេស៊ី តាមការគ្រោងទុក បើទោះបីជាសោកនាដកម្ម ពហុកីឡាដ្ឋាននាពេលថ្មីៗនេះ ដែលបានបណ្តាលឱ្យមនុស្ស ១៣២នាក់បានស្លាប់ក៏ដោយ។

លោក វីដូដូ បានលើកឡើងថា លោកនិងប្រធានស្ថាប័នគ្រប់គ្រង កីឡាពិភពលោកចង់ឱ្យ FIFA​ គោរពតាមស្តង់ដារនៅពេល ដែលការប្រកួតត្រូវបានប្រារព្ធឡើង ហើយពួកគេបានយល់ស្របថា ការគ្រប់គ្រងការប្រកួតបាល់ទាត់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ចាំបាច់ត្រូវធ្វើកំណែទម្រង់។

លោក វីដូដូ បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពី លោកបានពិភាក្សាជាមួយ Infantino ថា “សុវត្ថិភាព សម្រាប់ទាំងអ្នកលេង និងអ្នកទស្សនាគួរតែត្រូវបានធានា។ សម្រាប់នោះ យើងបានយល់ព្រម ដើម្បីពិនិត្យមើលស្ថានភាពនៃកីឡដ្ឋាន និងក៏អនុវត្តបច្ចេកវិទ្យា ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ ដែលអាចកើតមានចំពោះអ្នកលេង និងអ្នកទស្សនា” ។

លោក Infantino បានលើកឡើងថា FIFA នឹងបញ្ជូនអ្នកជំនាញរបស់ខ្លួន ដើម្បីជួយកែទម្រង់កីឡា បាល់ទាត់ឥណ្ឌូនេស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

គួរបញ្ជាក់ថា ក្រៅ​ពី​អ្នក​ស្លាប់ ការ​រត់​ជាន់​គ្នា​ស្លាប់​នៅ​ខេត្ត​ជ្វា​ខាង​កើត កាល​ពី​ថ្ងៃ​ទី​០១ ខែ​តុលា ក៏​បាន​ធ្វើ​ឲ្យ​មនុស្ស​ជិត ៥០០​នាក់​ផ្សេង​ទៀត​រង​របួស។

កុប្បកម្មនេះបានកើតឡើងបន្ទាប់ពី Arema FC មកពីទីក្រុង Malaang ត្រូវបានគូប្រជែង Persebaya មកពីខេត្ត Surabaya ធ្វើឱ្យអ្នកគាំទ្រ Arema ខឹងសម្បាជាច្រើនបានលុកលុយទីលាន និងដេញតាមកីឡាករ និងមន្ត្រី Persebaya ។

ប៉ូលីសបានបាញ់ធុងឧស្ម័ន បង្ហូរទឹកភ្នែកចូលទៅក្នុង ហ្វូងមនុស្សនៅឯកីឡដ្ឋាន Kanjuruhan ដែលជាកន្លែង ដែលអ្នកទស្សនាប្រហែល ៤២០០០នាក់ ត្រូវបានប្រមូលផ្តុំទៅក្នុងទីលាន ដែលមានសមត្ថភាពផ្ទុកត្រឹម ៣៨០០០នាក់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top