ព័ត៌មានអន្តរជាតិ

ទីក្រុងជាច្រើនរបស់អ៊ុយក្រែន ត្រូវដាច់ភ្លើងទាំងស្រុង ក្រោយមានការវាយប្រហារថ្មី លើបណ្ដាស្ថានីយ៍ថាមពល

គៀវ៖ ការវាយប្រហារតាមអាកាស កាន់តែច្រើនបានវាយលុកអ៊ុយក្រែន កាលពីព្រឹកថ្ងៃអង្គារ ដោយធ្វើឱ្យទីក្រុងនានា ស្ថិតក្នុងភាពងងឹត ខណៈដែលរុស្ស៊ី នៅតែបន្តវាយប្រហារស្ថានីយ ថាមពលរបស់ប្រទេសនេះ។

ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានចោទប្រកាន់រុស្ស៊ីពីបទធ្វើភេរវកម្ម និងសម្លាប់ជនស៊ីវិល នៅក្នុងការវាយប្រហារ ចុងក្រោយរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

អ៊ុយក្រែនបានឲ្យដឹងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនចំនួន ៣៨គ្រឿង ក្នុងចំណោមយន្តហោះដ្រូនចំនួន ៤៣ គ្រឿង ដែលរុស្សីប្រើ ដើម្បីបើកការវាយប្រហារកាលពីថ្ងៃចន្ទ។

ប៉ុន្តែមានការដាច់ចរន្តអគ្គិសនី នៅទូទាំងប្រទេសកាលពីថ្ងៃអង្គារ បន្ទាប់ពីមានការវាយប្រហារ ដែលលោក ហ្សេឡិនស្គី បានលើកឡើងថា បានបំផ្លាញស្ថានីយមួយភាគបី នៃប្រទេសក្នុងរយៈពេល ១០ថ្ងៃកន្លងមកនេះ។

មន្ត្រីក្នុងតំបន់ និងទីភ្នាក់ងារបានឲ្យដឹងថា តំបន់ជាច្រើន រួមទាំងរដ្ឋធានីគៀវ កំពុងជួបប្រទះការដាច់ចរន្តអគ្គិសនី បន្ទាប់ពីមានការវាយប្រហារ ជាច្រើនលើកមកលើរោងចក្រថាមពល។

លោកបានបន្ថែមថា “រដ្ឋភេរវករ នឹងមិនផ្លាស់ប្តូរអ្វីទាំងអស់ សម្រាប់ខ្លួនឯង ជាមួយនឹងសកម្មភាពបែបនេះ។ វា​នឹង​បញ្ជាក់​តែ​ខ្លឹមសារ​បំផ្លិចបំផ្លាញ និង​ឃាតកម្ម​ប៉ុណ្ណោះ ដែល​វា​នឹង​ត្រូវ​បាន​គេ​យក​ មក​ពិចារណា​យ៉ាង​ប្រាកដ” ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top