ព័ត៌មានអន្តរជាតិ

ករណីបំផ្ទុះគ្រាប់បែក នៅឯពន្ធនាគារធំបំផុត ក្នុងប្រទេសមីយ៉ាន់ម៉ា បណ្តាលឲ្យស្លាប់ មនុស្សតិចបំផុត៨នាក់

រ៉ងហ្គូន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ថា យ៉ាងហោចណាស់មនុស្ស៨នាក់ បានស្លាប់នៅក្នុងការបំផ្ទុះនៅពន្ធនាគារ Insein ដ៏ល្បីល្បាញ របស់ប្រទេសមីយ៉ាន់ម៉ា ក្នុងរដ្ឋធានីរ៉ងហ្គូន ។
អ្នកស្រុកបានប្រាប់ ដល់ទូរទស្សន៍ BBC ប្រចាំនៅមីយ៉ាន់ម៉ា យ៉ាងដូច្នេះថា គ្រាប់បែកចំនួន២គ្រាប់ បានផ្ទុះឡើងនៅច្រកចូលពន្ធនាគារ កាលពីព្រឹកថ្ងៃពុធនេះ ដោយបានសម្លាប់បុគ្គលិក ពន្ធនាគារ៣នាក់ និងភ្ញៀវ ចំនួន៥នាក់ ។

ពន្ធនាគារ Insein គឺជាពន្ធនាគារធំបំផុត របស់ប្រទេសដែលមានអ្នកទោសជិត១០.០០០នាក់ ដែលភាគច្រើន ជាអ្នកទោសនយោបាយ ។

មិនទាន់មានក្រុមណាមួយអះអាង ទទួលខុសត្រូវចំពោះការវាយប្រហារ នេះនៅឡើយទេ ។ មនុស្សយ៉ាងតិច១០នាក់ផ្សេងទៀត បានរងរបួស ។

អ្នកយកព័ត៌មាន BBC ប្រចាំនៅមីយ៉ាន់ម៉ា បានលើកឡើងថា គ្រាប់បែកបានផ្ទុះនៅក្នុងប្រអប់ដាក់សំបុត្ររបស់ពន្ធនាគារ ។ មានវត្តមានយោធា ដែលមានអំណាចខ្លាំង នៅកន្លែងនោះ ។

អគារដ៏ធំល្វឹងល្វើយ នៅជាយក្រុងអតីតរាជធានី ជាធម្មតាត្រូវបានការពារយ៉ាងតឹងរ៉ឹងបំផុត ។

ក្រុមអង្គការសិទ្ធិមនុស្សបានឲ្យដឹងថា ពន្ធនាគារដែលមានអាយុកាល ១សតវត្ស គឺមានភាពល្បីល្បាញ ដោយសារលក្ខខណ្ឌដ៏ឃោរឃៅ និងការប្រព្រឹត្ត ដោយអមនុស្សធម៌លើអ្នកទោស ។

បច្ចុប្បន្ន ប្រទេសមីយ៉ាន់ម៉ា ត្រូវបានគ្រប់គ្រង ដោយរបបយោធា ដែលបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិល ជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) កាលពីឆ្នាំមុន នៅក្នុងរដ្ឋប្រហារហិង្សាមួយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top