ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចចិត្ត ផ្ដល់ជំនួយលើគម្រោង គាំទ្រថ្មីមួយ មានទឹកប្រាក់ចំនួន ៥២០,៨៤៧ដុល្លារអាមេរិក សម្រាប់ការងារជួសជុល ប្រាសាទបាយ័ន ក្នុងតំបន់រមណីយដ្ឋាន ប្រវត្តិសាស្ត្រអង្គរ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី១៩ តុលា នេះ បានឱ្យដឹងថា «រដ្ឋាភិបាលជប៉ុន បានសម្រេចចិត្ត ផ្ដល់ជំនួយ លើគម្រោងគាំទ្រថ្មីមួយ ដែលមានទឹក ប្រាក់ចំនួន ៥២០,៨៤៧ដុល្លារអាមេរិក សម្រាប់ការងារជួសជុល ប្រាសាទបាយ័នក្នុងតំបន់រមណីយ ដ្ឋានប្រវត្តិសាស្ត្រអង្គរ ដែលគម្រោងមានឈ្មោះថា គម្រោងគាំទ្រការទិញ និងថែទាំយានយន្ត និងម៉ាស៊ីនធុនធ្ងន់ ព្រមទាំងការទិញសម្ភារៈសម្រាប់ការងាររក្សាលំនឹងតួប៉ម កណ្តាលនៃប្រាសាទ បាយ័នដែលទាក់ទងនឹងគម្រោង JASA»។
សូមបញ្ជាក់ថា នៅឆ្នាំ១៩៩៤ រដ្ឋាភិបាលជប៉ុន បានបង្កើតក្រុមរដ្ឋាភិបាលជប៉ុន សម្រាប់ការថែរក្សាការពារ ប្រាសាទអង្គរ(JSA) (JSA ត្រូវបានដឹកនាំដោយ លោកបណ្ឌិត តាក៏សុំ ណាកាហ្គាវ៉ា សាស្ត្រាចារ្យ កិត្តិយសនៃសាកលវិទ្យាល័យវាយិដា ដែលជាគម្រោងមួយ តាមរយៈអង្គការយូណេស្កូ Japan Funds in Trust សម្រាប់ការអភិរក្សវប្បធម៌ បេតិកភណ្ឌពិភពលោក។ JSAបានចំណាយថវិកាសរុប ប្រមាណ ២៧លានដុល្លារអាមេរិក ចាប់ពីជំហានទី១ ដល់ជំហានទី៥ ដើម្បីអនុវត្តសកម្មភាពអភិរក្ស និងជួសជុលប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ។
លើសពីនេះ ចាប់តាំងពីជំហានទី៣ ក្នុងឆ្នាំ២០០៥ JSA និង អាជ្ញាធរជាតិអប្សរា បាននិងកំពុងចូលរួមក្នុងគម្រោងរួមគ្នា ដែលហៅថា ជប៉ុន-អប្សរាការពារ ប្រាសាទអង្គរ(JASA)។ នៅខែមេសាឆ្នាំនេះ ជំហានទី៦ បានចាប់ផ្ដើមធ្វើការ ស្រាវជ្រាវ និងធ្វើការ លើការរក្សាលំនឹងតួប៉មកណ្ដាល នៃប្រាសាទបាយ័នជាចម្បង។
ក្រសួងវប្បធម៌ និងស្ថានទូតជប៉ុន ក៏បានសង្ឃឹមថា គម្រោងគាំទ្រថ្មីនេះ នឹងរួមចំណែកដល់ការ អនុវត្តការងារអភិរក្ស និងជួស ជុលប្រាសាទបាយ័ន ដែលជាប្រាសាទដ៏សំខាន់បំផុតមួយ នៅក្នុងរមណីយដ្ឋាន ប្រវត្តិសាស្ត្រអង្គរ ៕