ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី ប្រទេសម៉ាដាហ្គាស្ការ បណ្តេញរដ្ឋមន្ត្រីការបរទេសចេញ ដោយសារបោះឆ្នោត ប្រឆាំងនឹងរុស្ស៊ី នៅអង្គការសហប្រជាជាតិ

បរទេស៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃពុធ ដោយដកស្រង់សម្តីមន្ត្រីមិនស្គាល់ អត្តសញ្ញាណពីរនាក់ថា ប្រធានាធិបតីប្រទេសម៉ាដាហ្គាស្ការ លោក Andriy Rajoelina បានបណ្តេញរដ្ឋមន្ត្រីការបរទេស គឺលោក Richard Randriamanndrato សម្រាប់ការបោះឆ្នោតប្រឆាំង នឹងប្រទេសរុស្ស៊ី នៅអង្គការសហប្រជាជាតិ។ 

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រទេសនេះបានបោះឆ្នោតរួមជាមួយនឹងប្រទេសចំនួន ១៤២ ផ្សេងទៀត ដើម្បីថ្កោលទោសទីក្រុងម៉ូស្គូចំពោះ “ការបញ្ចូលខុសច្បាប់” នៃអតីតតំបន់អ៊ុយក្រែន ក្នុងអំឡុងពេលបោះឆ្នោត នៅឯមហាសន្និបាត អង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុន។ ម៉ាដាហ្គាស្ការពីមុនបានបដិសេធ មិនបោះឆ្នោតលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ទាក់ទងនឹងវិបត្តិអ៊ុយក្រែន ខណៈដែល លោកប្រធានាធិបតី Rajoelina ជ្រើសរើសរក្សាអព្យាក្រឹតនិងមិនចូលបក្សសម្ព័ន្ធលើជម្លោះ។

ដំណោះស្រាយចុងក្រោយបង្អស់ បានបដិសេធ មិនទទួលស្គាល់ការបោះឆ្នោត ប្រជាមតិសាធារណៈខែកញ្ញា ដែលប្រជាជននៃតំបន់ចំនួនបួនដែលជាអតីតតំបន់អ៊ុយក្រែន ភាគខាងកើត រួមមាន Lugansk, Donetsk, Kherson និង Zaporozhye – ទាំងអស់បានបោះឆ្នោតយ៉ាងលើសលប់ ដើម្បីចូលរួមជាមួយប្រទេសរុស្ស៊ី។ ការបោះឆ្នោតកាលពីសប្តាហ៍មុន របស់អង្គការសហប្រជាជាតិបានកើតឡើងបន្ទាប់ពីមហាសន្និបាតបានបដិសេធ សំណើរបស់រុស្ស៊ីក្នុងការប្រើប្រាស់ សន្លឹកឆ្នោតសម្ងាត់ ចំពេលមានសម្ពាធពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងការចូលរួមជាមួយពួកគេ ក្នុងការស្តីបន្ទោសទីក្រុងម៉ូស្គូ។

ដូចប្រទេសអាហ្រ្វិកជាច្រើនទៀតដែរ ម៉ាដាហ្គាស្ការ បានទប់ទល់នឹងសម្ពាធរបស់បស្ចិមប្រទេស ដើម្បីចូលភាគីក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ជាងពាក់កណ្តាលនៃបណ្តាប្រទេសចំនួន ៣៥ ដែលបោះឆ្នោតអនុប្បវាទនៅមហាសន្និបាត កាលពីសប្តាហ៍មុន គឺប្រទេសនៅអាហ្វ្រិក។ ប្រទេសរុស្ស៊ី ត្រូវបានចូលរួម ដោយប្រទេសបេឡារុស្ស ស៊ីរី កូរ៉េខាងជើង និងនីការ៉ាហ្គា ក្នុងការបោះឆ្នោតប្រឆាំងនឹងដំណោះស្រាយនេះ៕

To Top