ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី ព្រមានដល់ UN កុំឲ្យបើកការស៊ើបអង្កេតទៅលើ ការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើករបស់
អ៊ីរ៉ង់

អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ថា ប្រទេសរុស្ស៊ីកាលពីថ្ងៃពុធ បានព្រមានអង្គការសហប្រជាជាតិ (UN) កុំឱ្យបើកការស៊ើបអង្កេតលើ ការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើក ផលិតដោយអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ុយក្រែន ដោយចូលរួមជាមួយទីក្រុងតេហរ៉ង់ ក្នុងការបដិសេធប្រភពដើមនៃអាវុធ ខណៈដែលសហភាពអឺរ៉ុប បានរៀបចំទណ្ឌកម្មថ្មី ។

សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស បានអំពាវនាវសុំឲ្យបើកកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខបិទទ្វារមួយ ស្តីពីការចោទប្រកាន់ថា ការលក់យន្តហោះគ្មានមនុស្សបើកទៅឱ្យរុស្ស៊ី ដែលពួកគេបានពិពណ៌នាថា ជាការរំលោភលើការរឹតបន្តឹង អាវុធរបស់អង្គការសហប្រជាជាតិ លើប្រទេសអ៊ីរ៉ង់ ។

សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកទាំង២នេះបានឲ្យដឹងថា ពួកគេមានភស្តុតាងដែលថា អ៊ីរ៉ង់ផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក Shahed-136 ដែលមានតម្លៃទាបដែលផ្ទុះនៅពេលចុះចត ហើយត្រូវបានស្តីបន្ទោស ចំពោះការស្លាប់ចំនួន៥នាក់ កាលពីថ្ងៃចន្ទនៅក្នុងរដ្ឋធានី គៀវ ក៏ដូចជាសម្រាប់ការបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផងដែរ ។

អ៊ុយក្រែន ដែលបានផ្លាស់ប្តូរទំនាក់ទំនង ការទូតជាមួយទីក្រុងតេហរ៉ង់ បានឲ្យដឹងថា យោធារបស់ខ្លួនបានបាញ់ទម្លាក់ យន្តហោះគ្មានមនុស្សបើក របស់អ៊ីរ៉ង់ជាង ២២០គ្រឿង ក្នុងរយៈពេលជាង១ខែ ហើយរូបភាពជាច្រើន បានលេចចេញមកដែល បង្ហាញពីទំនាក់ទំនងរបស់អ៊ីរ៉ង់ ។

ប៉ុន្តែអ្នកការទូតរុស្ស៊ីលោក Dmitry Polyanskiy បានបរិហារ “ការចោទប្រកាន់គ្មានមូលដ្ឋាន និងទ្រឹស្តីសមគំនិត” ដោយលើកឡើងជាភស្តុតាងដែលថា ពាក្យជាភាសារុស្ស៊ី geraniums ត្រូវបានសរសេរនៅលើ យន្តហោះគ្មានមនុស្សបើក ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាយានជំនិះគ្មានមនុស្សបើក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top