បរទេស៖ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោកស្រី Liz Truss បានលាលែងពីតំណែងហើយនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីថវិកាកាត់បន្ថយពន្ធមិនបានសម្រេច ដែលបានធ្វើឱ្យកក្រើកទីផ្សារហិរញ្ញវត្ថុ ហើយដែលនាំឱ្យមានការបះបោរនៅក្នុងគណបក្សអភិរក្សផ្ទាល់របស់លោកស្រី។
យោងតាមសារព័ត៌មាន CNBC news ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Truss បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅខាងក្រៅវិមាន Downing Street ថា “យើងកំណត់ចក្ខុវិស័យសម្រាប់សេដ្ឋកិច្ចដែលមានពន្ធទាប និងកំណើនខ្ពស់ដែលនឹងទាញយកអត្ថប្រយោជន៍ពីសេរីភាពនៃ Brexit” ។
លោកស្រីបន្តថា «ខ្ញុំទទួលស្គាល់ថា បើគិតពីស្ថានភាពនេះ ខ្ញុំមិនអាចប្រគល់អាណត្តិដែលខ្ញុំត្រូវបានជ្រើសរើសដោយគណបក្សអភិរក្សនោះទេ។ ដូច្នេះ ខ្ញុំបានទូលថ្វាយព្រះមហាក្សត្រ ដើម្បីប្រកាសថា ខ្ញុំនឹងលាលែងពីតំណែងប្រធានគណបក្សអភិរក្ស»។
គណបក្សនេះត្រូវបញ្ចប់ការបោះឆ្នោតថ្នាក់ដឹកនាំក្នុងសប្តាហ៍ក្រោយ លឿនជាងរយៈពេលពីរខែធម្មតា។ លោក Graham Brady ដែលជាអ្នកនយោបាយអភិរក្សនិយម ដែលទទួលបន្ទុកលើការបោះឆ្នោតដឹកនាំ និងការរុះរើ បានប្រាប់អ្នកយកព័ត៌មានថា ឥឡូវនេះលោកកំពុងសម្លឹងមើលពីរបៀបដែលការបោះឆ្នោតអាចរួមបញ្ចូលសមាជិកសភាអភិរក្សនិយម និងសមាជិកបក្សកាន់តែទូលំទូលាយ។
សូមជម្រាបថា លោកស្រី Truss បានកាន់តំណែងត្រឹមតែ ៤៤ ថ្ងៃប៉ុណ្ណោះ ដែលអាជីវកម្មរបស់រដ្ឋាភិបាលចំនួន ១០ ត្រូវបានផ្អាកបន្ទាប់ពីការសោយទីវង្គតរបស់ម្ចាស់ក្សត្រី Elizabeth II ៕
ប្រែសម្រួលៈ ណៃ តុលា