តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានច្រានចោល “ការអះអាងដែលមិនច្បាស់លាស់” មួយចំនួនអំពីជំហររបស់ទីក្រុងតេអេរ៉ង់ ចំពោះជម្លោះនៅអ៊ុយក្រែន ដោយលើកឡើងថា អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេច ដើម្បីដើរតួក្នុងការបញ្ចប់វិបត្តិ។
ធ្វើការកត់សម្គាល់នៅក្នុងការហៅទូរស័ព្ទ ជាមួយសមភាគីប៉ូឡូញលោក Andrzej Duda លោក Raisi បានកត់សម្គាល់ថា ទីក្រុងតេអេរ៉ង់ ត្រៀមខ្លួនជាស្រេច ដើម្បីប្រើប្រាស់ “សមត្ថភាព និងសក្តានុពលទាំងអស់” ដើម្បីជួយបញ្ចប់ជម្លោះនៅអ៊ុយក្រែន នេះបើយោងតាមគេហទំព័រ របស់ប្រធានាធិបតីអ៊ីរ៉ង់។
លោកបានសង្កត់ធ្ងន់ថា ចាប់តាំងពីផ្ទុះជម្លោះមក ជំហររបស់អ៊ីរ៉ង់បានប្រឆាំង នឹងសង្គ្រាមជានិច្ច នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ថ្មីៗនេះ ក្រសួងការបរទេសអ៊ុយក្រែន បានសម្រេចចិត្ត ទម្លាក់ចំណាត់ថ្នាក់ទំនាក់ទំនងជាមួយអ៊ីរ៉ង់ និងដកការទទួលស្គាល់ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ លើអ្វីដែលខ្លួនហៅថាជា “ទង្វើមិនរាក់ទាក់” របស់ទីក្រុងតេអេរ៉ង់ ដើម្បី “ផ្គត់ផ្គង់ដល់ប្រទេសរុស្ស៊ីនូវសព្វាវុធ ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន” ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Amir-Abdollahian បាននិយាយកាលពីដើមខែតុលាថា អ៊ីរ៉ង់ មិនបានបញ្ជូនសព្វាវុធទៅឱ្យរុស្ស៊ី ដើម្បីប្រើប្រាស់ក្នុងជម្លោះរបស់ខ្លួន ជាមួយអ៊ុយក្រែន ហើយនឹងមិនធ្វើដូច្នេះនៅពេលអនាគតឡើយ៕ ប្រែសម្រួល ឈូក បូរ៉ា