បរទេស៖ អាជ្ញាធរគាំទ្រវិមានក្រឹមឡាំង នៅតំបន់ Kherson របស់អ៊ុយក្រែនបាននិយាយនៅថ្ងៃសុក្រថា យ៉ាងហោចណាស់មនុស្ស ៤ នាក់បានស្លាប់ និង ១៣ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីការវាយប្រហារ ដោយមីស៊ីល ទៅលើស្ពាន ជនស៊ីវិល ឆ្លងទន្លេ Dnipro ។
យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មាន Interfax បានដកស្រង់សម្តីលោក Kirill Stremousov មេដឹកនាំរបស់តំបន់ Kherson ដែលតែងតាំងដោយក្រុងមូស្គូ បាននិយាយថា “ខ្ញុំដឹងអំពីមនុស្ស៤នាក់ ដែលបានស្លាប់ ពួកគេគឺជាស្ត្រីម្នាក់ និងបុរស ៣ នាក់ ។ ម្នាក់ត្រូវបានគេរកឃើញនៅព្រឹកនេះ” ។
អាជ្ញាធរគាំទ្រវិមានក្រឹមឡាំង បានអះអាងថា អ្នកកាសែតក្នុងស្រុក និងអនីតិជន ស្ថិតក្នុងចំណោមអ្នករងរបួស នេះបើយោងតាម Interfax ។
យោងតាមប្រភព ដែលតម្រឹមដោយវិមានក្រឹមឡាំង បានឲ្យដឹងថា កងកម្លាំងអ៊ុយក្រែនបានកំណត់គោលដៅ លើតំបន់នោះជាមួយនឹង គ្រាប់រ៉ុក្កែត HIMARS ចំនួន១២គ្រាប់ ដែលផ្គត់ផ្គង់ ដោយសហរដ្ឋអាមេរិក៕
ប្រែសម្រួលៈ ណៃ តុលា