ព័ត៌មានអន្តរជាតិ

អតីតទីប្រឹក្សារបស់លោក ត្រាំ ត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគារ ៤ខែពីបទមើលងាយសភា

វ៉ាស៊ីនតោន ៖ ឥស្សរជនស្តាំ និយមអាមេរិកលោក Steve Bannon ដែលជាអតីតទីប្រឹក្សា របស់លោក ដូណាល់ ត្រាំ ត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគាររយៈពេល ៤ខែ កាលពីថ្ងៃសុក្រពីបទមើលងាយសភា ។

ចៅក្រម Carl Nichols នៃតុលាការ សហព័ន្ធក៏បានកាត់សេចក្តីថា លោក Bannon ដែលជាប្រធានយុទ្ធសាស្រ្តរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងត្រូវបង់ប្រាក់ពិន័យចំនួន ៦៥០០ដុល្លារអាមេរិក ហើយនិងត្រូវជាប់ពន្ធនាគារ ៤ខែទៀត។

លោក Nichols បានលើកឡើងថា លោក Bannon ដែលមានអាយុ ៦៨ឆ្នាំ “មិនបានសម្តែងនូវវិប្បដិសារី ចំពោះទង្វើរបស់លោក” ប៉ុន្តែបានយល់ ព្រមរក្សាការសម្រេច ខណៈដែលលោកបានប្តឹងឧទ្ធរណ៍ ចំពោះសាលក្រម ដែលមានកំហុសរបស់លោក។

លោក Bannon ត្រូវបានចោទប្រកាន់កាលពីឆ្នាំមុន ពីបទប្រឆាំងដីកាកោះហៅពីក្រុម House Select ដែលស៊ើបអង្កេតលើការវាយប្រហារកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នៅទីក្រុងកាពីតូល។

លោក Bannon ធ្លាប់បានប្រកែកថា លោកមិន គួរជាប់ពន្ធនាគារ “សម្រាប់ការផ្អែកលើដំបូន្មាន របស់មេធាវីរបស់លោក” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។

គួរបញ្ជាក់ថា លោកគឺជានាយកប្រតិបត្តិនៃយុទ្ធនាការប្រធានាធិបតីលោក ដូណាល់ ត្រាំ ឆ្នាំ២០១៦ និងបានបម្រើការជាទីប្រឹក្សាជាន់ខ្ពស់របស់លោក ត្រាំ នៅសេតវិមានមុនពេលត្រូវបានបណ្តេញចេញនៅក្នុងខែសីហា ឆ្នាំ២០១៧៕

To Top